សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា អាវុធអាមេរិកនៅកម្ពុជា ភាគច្រើនជាអាវុធចាស់ទ្រុឌ ទ្រោមសល់ពីសម័យលន់ នល់ ហើយកម្ពុជាមិនដែលទិញនោះទេ

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន បញ្ជាក់ថា អាវុធ របស់សហរដ្ឋអាមេរិកដែលមាននៅកម្ពុជាពេលនេះ គឺជាអាវុធចាស់ដែលសេស សល់នៅបាតឃ្លាំង តាំងពីសម័យលន់ នល់ ម៉្លេះ ហើយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក៏មិនដែលទិញ អាវុធពៅសហរដ្ឋ អាមេរិកនោះដែរ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ កម្មវិធីបញ្ចុះបឋម សិលាសាងសង់ទីលានបាញ់គ្រាន់ពិត នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជុំរីក រាយ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ពេល នេះកងទ័ពកំពុងប្រមូល និងត្រួតពិនិត្យ អាវុធអាមេរិក។

សម្ដេចបានបញ្ជាក់ដូច្នេះថា៖ «មែនទែនទៅអាវុធនេះមួយចំនួនចាស់ហើយ គឺយើងមិនបានប្រើនោះ ទេ វាតិចណាស់ដែលបានប្រើ តែកន្លងមកយើងតែងតែទុកដាក់នៅតាមសារមន្ទីរ នៅកន្លែងមួយចំនួន តែឥឡូវនេះមានបទបញ្ជាអញ្ចឹងយើងកំពុងតែប្រមូលតាមបណ្ដាអង្គភាពត្រូវរៀបចំទុកដាក់ ហើយ យើងនឹងធ្វើការត្រួតពិនិត្យមើលនៅពេលអនាគត ដើម្បីមើលថា អ្វីយើងត្រូវរក្សាទុក អ្វីដែលយើង ត្រូវបំផ្លាញចោល»

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ អាវុធអាមេរិក ដែល សេសសល់ពីសម័យសង្គ្រាមទាំងនោះ មានសុខភាពចាស់ទ្រុឌទ្រោម ដែលមិនអាចប្រើប្រាស់បាន នោះទេ ផ្ទុយទៅវិញរឹតតែបង្កមហន្តរាយសម្រាប់ការប្រើប្រាស់ផងដែរ។

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈ យោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោលតាមការជាក់ ស្តែង។ ការដាក់ចេញបទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពី សហរដ្ឋអាមេរិក តាមរយៈការិយាល័យ ឧស្សាហកម្ម និង សន្តិសុខរបស់ខ្លួន បានប្រកាសជាឯកតោភាគីដាក់ទណ្ឌកម្មបន្ថែមទៀតមកលើ រដ្ឋាភិបាលកម្ពុជា តាមរយៈវិធានរឹតត្បិតការលក់អាវុធ និងសម្ភារយោធាឱ្យកម្ពុជា ក្រោមហេតុ ផលភូមិសាស្រ្តនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្ត របស់សម្តេច មិនយល់ព្រមទិញអាវុធពីអាមេរិក ពិតជាត្រឹមត្រូវ សម្រាប់នយោបាយការពារជាតិ របស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរ ដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយ ឱ្យបានជ្រាបថា «បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធ របស់អាមេ រិក»។ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិ មិនទាន់បង្ហាញរបាយការណ៍ដែលអាចបញ្ជាក់ថា នៅ កម្ពុជា មនអាវុធអាមេរិកចំនួនប៉ុន្មាននោះទេ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានដដែលនេះ សម្ដេចពិជ័យសេនា បានគាំទ្រ ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ចំពោះ ប្រកាសមិនលក់អាវុធឲ្យកម្ពុជាដល់សម្ដេចបញ្ជាក់ថា «ដោយសារតែកន្លងទៅកម្ពុជាក៏មិនដែលទិញអាវុធពីសហរដ្ឋអាមេរិកនោះដែរ»

សម្ដេច ទៀ បាញ់ បន្ថែមថា «អាវុធអាមេរិកដែលមានប៉ុន្មាននេះ គឺយើងប្រមូលពីសម័យសង្គ្រាម ដែល លន់ នល់ បានយកមកប្រើប្រាស់ ដោយមាននៅសល់បាតឃ្លាំង»

បើតាម សម្ដេចពិជ័យសេនា, អាវុធអាមេរិកដែលសេសសល់នៅបាតឃ្លាំង នៅកម្ពុជានេះ អាចនឹង ត្រូវកម្ទេចចោល ក្រោយពេលត្រួតពិនិត្យរួចរាល់៕