(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ទីក្រុងណៃពិដោ ដោយសុវត្ថិភាពហើយ និងប្រគល់ជំនួយម៉ាសជាង៣លាន និងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។ សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅវេលាម៉ោង៧៖៤០នាទីព្រឹកថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយ បំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។ ដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយក រដ្ឋមន្ត្រី នឹងត្រូវអមដំណើរដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។
បើទោះបីក្រសួងការបរទេសកម្ពុជា មិនបានលើកលំអិតពីរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោយ៉ាងណាក្តី។ តែបើតាមការបញ្ជាក់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដំណើរទៅកាន់ ប្រទេសមីយ៉ាន់ម៉ារបស់សម្តេចនាពេលនេះ សម្តេចចូលរួមវិភាគទានដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ា វិលមករកវេទិការបស់អាស៊ានឡើងវិញ បន្ទាប់ពីប្រទេសត្រូវបានអវត្ត មានក្នុងវេទិកាអាស៊ាននាឆ្នាំកន្លងទៅ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានអះអាងរួចហើយថា ការដោះស្រាយវិបត្តិរបស់ មីយ៉ាន់ម៉ា គឺត្រូវឈរលើគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេចកាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូលពិសេសនៅឥណ្ឌូនេស៊ីស្តីពីបញ្ហារបស់មីយ៉ាន់ម៉ា។ គោលការណ៍រួមទាំង៥នោះរួមមាន៖ ទី១. បិទបញ្ចប់អំពើហិង្សា, ទី២. រៀបចំកិច្ចសន្ទនាក្នុងន័យ ស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ, ទី៣. បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងមីយ៉ាន់ម៉ា, ទី៤. តែង តាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥. អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅ ក្នុងប្រទេសនេះ៕

































