យោធាមីយ៉ាន់ម៉ាអញ្ជើញ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ឲ្យមកចូលរួមតុចរចាសន្តិភាព

 (ណៃពិដោ)៖  តាមការចេញផ្សាយដោយ សារព័ត៌មានមីយ៉ាន់ម៉ា អ៊ីរ៉ាវ៉ាដឌី (Irrawaddy) ដែលត្រូវ បានដកស្រង់ នៅព្រឹកថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអញ្ជើញក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) មួយចំនួនលើកលែងតែក្រុមដែលត្រូវបានចាត់ទុកថាជា «ភេរវករ» ឲ្យមកចូលរួមក្នុងតុចរចាស្វែងរកសន្តិភាព នៅក្នុងឱកាសនៃទិវាជាតិមួយ ដែលនឹងមកដល់នៅថ្ងៃសៅរ៍ ទី១២ កុម្ភៈ។

ការអំពាវនាវឲ្យក្រុមប្រដាប់អាវុធខាងលើនេះ ចូលមកកាន់តុចរចាគ្នា ត្រូវបានគេមើលឃើញថា គឺជាកិច្ចខិតខំប្រឹងប្រែងមួយ នៃរបបយោធាមីយ៉ាន់ម៉ា ដឹកនាំដោយលោក មីន អោង ឡាំង ដើម្បី គ្រប់គ្រងប្រទេសនេះឲ្យបានពេញលេញ តាមរយៈការសម្រុះសម្រួលជាមួយក្រុមប្រដាប់អាវុធធំៗ ក្រោយពីការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពី អំណាចកាលពីជាង ១ឆ្នាំមុន។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ រដ្ឋាភិបាលយោធាបានប្រកាសថា ការសម្រេចបានសន្តិភាព យូរអង្វែង សម្រាប់ប្រទេសជាតិទាំងមូល គឺជាគោលនយោបាយមួយផ្នែក នៃផែនទីចង្អុលផ្លូវរបស់ ខ្លួន។ សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាចាំបាច់ណាស់ ដែលត្រូវផ្តោតលើសន្តិ ភាពជាអចិន្ត្រៃយ៍ តាមរយៈការស្វែងរកដំណោះស្រាយ ដោយកិច្ចចរចាទៅតាមបែបបទនៃប្រជាធិប តេយ្យ ដើម្បីដោះស្រាយបញ្ហានយោបាយជាបន្តបន្ទាប់»។

សូមបញ្ជាក់ថា ក្រោយពីទទួលបានការអញ្ជើញពី របបដឹកនាំយោធាទីក្រុងណៃពិដោ ខាងលើនេះ ក្រុមប្រដាប់អាវុធនៃសម្ព័ន្ធជាតិការ៉ែន (KNU) និងក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងៗទៀត ស្ថិតនៅក្នុងអង្គការ EAO បានប្រកាសបដិសេធមិនចូលរួម។ ក្រុម KNU បានអះអាងថា ពួកគេ គ្មានបំណងចូលរួមកិច្ចចរចាណាមួយ ជាមួយរដ្ឋាភិបាលយោធានោះឡើយ៕