(ស៊ីដនី)៖ យោងតាមកាចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ ២០២២ បញ្ជាក់ថា នាយករដ្ឋមន្រ្តីនៃប្រទេសដែនកោះសូឡូម៉ុន (Solomons) លោក ម៉ាណាសេហ សូហ្កាវ៉ា (Manasseh Sogavare) បាននិយាយថាការរិះគន់ ប្រឆាំងនឹងកិច្ចចរចាសន្តិសុខរបស់ លោកជាមួយចិន គឺជា «ការប្រមាថយ៉ាងខ្លាំង»។
នៅក្នុងសុន្ទរកថាទៅកាន់សភាជាតិ នៅថ្ងៃអង្គារនេះ លោក Sogavare បានអះអាងថាឯកសារសន្តិ សុខមួយដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះ គឺគ្រាន់តែជាសេចក្ដព្រាងមួយតែប៉ុណ្ណោះ ដោយ លោកមិនបានលម្អិតអ្វីទៀតនោះទេ។ លោកបានបញ្ជាក់ដូច្នេះថា «យើងមិនមែនកំពុងស្ថិតនៅក្រោមសម្ពាធ ពីមិត្តថ្មីរបស់ពួកយើងឡើយ ហើយក៏គ្មានបំណងណាមួយដើម្បីស្នើសុំឱ្យចិនសាងសង់មូលដ្ឋានយោធានៅលើដែនកោះសូឡូម៉ុននោះដែរ»។

ប្រតិកម្មរបស់លោក Sogavare កើតមានឡើងបន្ទាប់ពី អូស្ត្រាលី នូវែលសេឡង់ និងសហរដ្ឋ អាមេរិក បានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃកិច្ចព្រមព្រៀងសន្តិសុខរវាងសូឡូម៉ុន និងចិន ដែលនឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំងបើកមូលដ្ឋានយោធានៅលើដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះ។ នាយករដ្ឋមន្ត្រី នូវែលសេឡង់ លោកស្រី Jacinda Ardern បាននិយាយកាលពីថ្ងៃចន្ទថា កិច្ច ព្រមព្រៀងនេះគឺជាការធ្វើយោធូបនីយកម្មមានសក្ដានុពលនៃតំបន់ ខណៈ រដ្ឋមន្ត្រីការពារជាតិអូស្ត្រា លីក៏បានបង្ហាញការព្រួយបារម្ភផងដែរថាប្រសិនបើកិច្ចព្រមព្រៀងនេះអាចនឹងនាំឲ្យមានមូលដ្ឋានយោធាចិន ក្នុងតំបន់ប៉ាស៊ីហ្វិក៕































