សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាឲ្យក្រសួងសេដ្ឋកិច្ច រៀបចំស្តុកប្រេងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីការពារហានិភ័យនាពេលខាងមុខ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ បានថ្លែងឲ្យដឹងថា សម្តេចកំពុងគិតគូរឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំស្តុកប្រេងឥន្ធនៈ យុទ្ធសាស្ត្របន្ថែមទៀត ដើម្បីការពារហានិភ័យ ដែលអាចកើតឡើងនាពេលខាងមុខ ចេញពីវិបត្តិ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើតម្លៃប្រេងឡើងថ្លៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាពឹងផ្អែកស្តុកប្រេងយុទ្ធសាស្ត្រ តែលើក្រុម ហ៊ុននាំចូលប្រេងឯកជនប៉ុណ្ណោះ ដូច្នេះដើម្បីការពារបញ្ហាណាមួយ ដែលកើតឡើងនាពេលខាងមុខ រាជរដ្ឋាភិបាលត្រូវបង្កើនស្តុកប្រេងបន្ថែម។

សម្តេចតេជោ ហ៊ុន សែន បែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងគិតថាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំស្តុកយុទ្ធសាស្ត្របន្ថែមទៀតទៅលើបញ្ហាប្រេង ក្រែងលោពេលណាមួយនោះ ពីមុនមកយើង ផ្អែកលើក្រុមហ៊ុនឯកជន ដើម្បីស្តុកយុទ្ធសាស្ត្រ ឥឡូវយើងនៅតែរក្សាស្តុកយុទ្ធសាស្ត្រដែលពឹងពាក់ លើ ក្រុមហ៊ុនឯកជនដដែល ក៏ប៉ុន្តែយើងត្រូវបង្កើននូវការស្តុកទុកនូវប្រេងឥន្ធនៈ។ ឧទាហរណ៍ថា ស្រាប់តែវារីអគ្គិសនីរបស់យើង ឬម៉ាស៉ីនភ្លើងដើរដោយធ្យូងថ្មរបស់យើង រត់វាមិនគ្រប់ ដូចនៅឆ្នាំ ២០១៨ អីចឹងយើងក៏ត្រូវតែជំរុញការបញ្ឆេះម៉ាស៊ីន ដែលដើរដោយប្រេងឥន្ធនៈ»

សូមជម្រាបថា បច្ច័យអាក្រក់នៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋ កិច្ចពិភពលោក ក្នុងនោះកម្ពុជាបានរងផលប៉ះពាល់ផងដែរ ពិសេសគឺការកើនឡើងនៃតម្លៃប្រេង ឥន្ធនៈ ដែលកម្ពុជាជាប្រទេសនាំចូលទាំងស្រុងពីបរទេស។ បច្ចុប្បន្នតម្លៃសាំងធម្មតា និងម៉ាស៊ូត ដែលកំពុងលក់រាយលើទីផ្សារ បានកើនឡើងដល់ ៥ ៣០០រៀលក្នុងលីត្រ ខណៈសង្ស័យស៊ុបពែរ តម្លៃជិត ៦ ០០០រៀលក្នុង១លីត្រ៕