លោក ហ្សេលេនស្គី ចោទរុស្ស៊ីថាប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម, ឆ្លៀតរិះគន់ភាពអសកម្មរបស់ UN

 (យូអិន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែ មេសា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាន ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាមិនត្រូវឱ្យរុស្ស៊ីរួចផុតពី ការទទួលខុសត្រូវឡើយ ខណៈលោកចោទប្រកាន់កងទ័ពរុស្ស៊ីថាបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាមដ៏អាក្រក់ ចាប់តាំងពីសង្រ្គាម លោកលើកទី២ បិទបញ្ចប់មក។

នាឱកាសថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានបញ្ចេញវីដេអូខ្លីមួយ ដោយបង្ហាញពីសាកសពដែលត្រូវបានភ្លើងឆេះ, ប្រឡាក់ដោយឈាម និងដាច់ជាបំណែកៗ ក្នុងនោះរួមមានទាំងកុមារ នៅក្នុងទីក្រុង អៀពីន (Irpin), ឌីមឺកា (Dymerka), ម៉ារីយូប៉ូល (Mariupol) និងទីក្រុងប៊ូចា (Bucha) ជាទីដែលអ៊ុយក្រែនចោទ ថាកងទ័ពរុស្ស៊ីបានសម្លាប់រង្គាល ជនស៊ីវិលជាច្រើននាក់។

ប៉ុន្តែ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស់ស៊ីលី នេបិនហ្ស៊ីយ៉ា (Vassily Nebenzia) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN វិញ ថាកងទ័ពរុស្ស៉ី មិនបានវាយប្រហារដោយ មានគោលដៅលើជនស៊ីវិលនោះទេ ហើយច្រានចោលការចោទប្រកាន់ទាំងឡាយពីលោកខាងលិច និងអ៊ុយក្រែន ដោយចាត់ទុកថាជាការកុហកបោកប្រាស់។

ម្យ៉ាងវិញទៀត ខណៈថ្កោលទោសរុស្ស៉ី, លោក ហ្សេលេនស្គី ក៏បានបរិហាររិះគន់ផងដែរភាព អសកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលមិនបានចាត់វិធានការសកម្មភាពណាមួយប្រឆាំង នឹងរុស្ស៊ីឡើយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ដ្បិតរុស្ស៉ីមានសិទ្ធិវេតូលើ សេចក្ដីសម្រេចនានាក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកអចិន្ត្រៃយ៍ដទៃដូចជា អាមេរិក បារាំង, អង់គ្លេស និងចិន។ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «UN គួរតែបិទទ្វារ។ តើអ្នកទាំងអស់គ្នាត្រៀមខ្លួនបិទ UN រួចហើយឬនៅ? ប្រសិនបើជា ចម្លើយគឺ ទេ នោះអ្នកទាំងអស់គ្នាត្រូវតែធ្វើសកម្មភាពជាបន្ទាន់»

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី ប្រព័ន្ធអង្គការសហប្រជាជាតិសព្វថ្ងៃ ត្រូវតែធ្វើកំណែទម្រង់ ដើម្បីឱ្យមានយុត្តិធម៌សម្រាប់ប្រទេសជា សមាជិកទាំងអស់៕