ថៃ មានមនុស្ស ៤,៥៦៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ


 (បាងកក)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,៥៦៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៨នាក់បន្ថែមទៀត ក៏ត្រូវ បានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៥,១២៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ៤,៤៥៥,០២០ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,០៤៧នាក់ និងអ្នកជា សះស្បើយឡើងវិញគឺ ៤.៣៨លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៧លានដូស ក្នុងនោះប្រជាជនជាង ៥៦.៥០លាន នាក់ (៨០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៥២.៤៤ លាននាក់ (៧៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕