(ប៉េកាំង)៖ យោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី១៤ ខែ មិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រសួងការបរទេសចិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានរំលឹកឡើងវិញ ថាបញ្ហាតៃវ៉ាន់ មានលក្ខណៈខុសគ្នាស្រឡះពីបញ្ហាអ៊ុយក្រែន ដោយបន្ថែមថា តៃវ៉ាន់ជាផ្នែកដែល មិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន និងជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់ចិន ហើយក៏មិនអាចត្រូវ បានលូកលាន់ពីបរទេសនោះដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បានកត់សម្គាល់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅពេលដែលត្រូវបានសុំឲ្យធ្វើ ការឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក ហ្សេលេនស្គី ចំពោះសំណួរថាតើតៃវ៉ាន់គួរឆ្លើយតបបែបណា? ប្រសិនបើចិនប្រើចំណាត់ការ ដោយបង្ខំ ក្នុងករណីចាំបាច់។

លោក ហ្សេលេនស្គី នៅឯកិច្ចប្រជុំសន្តិសុខ សាងគ្រី-ឡា (Shangri-La) បានកត់សម្គាល់ដូច្នេះ ថា «សង្រ្គាមនៅអ៊ុយក្រែនថ្ងៃនេះ គឺជាគំរូសម្រាប់ពិភពលោក ទាំងមូល។ គ្មាននរណាទទួលបានផលប្រយោជន៍ពីសង្គ្រាមទេ ហើយប្រសិនបើមានច្រកចេញតាមផ្លូវការទូត យើងត្រូវប្រើវិធីការទូត។ ប៉ុន្តែនេះត្រូវតែជាវិធី ការពារទុកជាមុន មិនមែនត្រូវធ្វើឡើង ក្រោយសង្គ្រាម បានចាប់ផ្តើមរួចហើយនោះទេ»។
ប៉ុន្តែ លោក វ៉ាង បានសង្កត់ធ្ងន់ថា «យើងបានកត់សម្គាល់ឃើញថា លោកប្រធានាធិបតី ហ្សេលេន ស្គី មិនបាននិយាយចំឈ្មោះតៃវ៉ាន់ទេ តែផ្ទុយទៅវិញ ប្រព័ន្ធផ្សព្វផ្សាយទេ ដែលព្យាយាមទាញយក សួរសំណួរបញ្ចូលក្នុងបញ្ហានេះ ។
សូមបញ្ជាក់ថា បើតាមលោក វ៉ាង ចិននឹងចាត់វិធានការខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ង ការទាមទារ «ឯករាជ្យភាពសម្រាប់តៃវ៉ាន់» ឬការព្យាយាមបំបែក តៃវ៉ាន់ចេញពីប្រទេសចិន និងដើម្បី ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕
































