ទីប្រឹក្សារបស់លោក ចូ បៃដិន លើកឡើងពីកង្វល់ប្រាប់ចិន ជុំវិញសំណុំរឿងកូរ៉េខាងជើង


 (វ៉ាស៉ីនតោន)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ អោយដឹងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានលើកឡើងពីកង្វល់ជាមួយមន្រ្តីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ជុំវិញការបោះឆ្នោតវេតូរបស់ទីក្រុងប៉េកាំង នៅក្នុងអង្គការសហប្រជាជាតិលើដំណោះ ស្រាយដាក់ទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើង ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានក្នុងកំលុង ការធ្វើបទបង្ហាញខ្លីមួយពីកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះ រវាងលោក Sullivan និងលោក Yang ក្នុងប្រទេសលុចហ្សំបួរ (Luxembourg) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សហរដ្ឋអាមេរិកជឿថាទី ក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន អាចសហការគ្នាដោះស្រាយបញ្ហាកូរ៉េខាងជើង។

មន្ត្រីរូបនេះបានលើកឡើងថា «លោក Sullivan បានលើកឡើងពីការព្រួយបារម្ភ ជាពិសេសអំពីសិទ្ធិ បោះឆ្នោតវេតូ ដែលកើតឡើងបន្ទាប់ពី ការបាញ់សាកល្បងមីស៉ីលផ្លោងជាបន្តបន្ទាប់ ដែលរំលោភលើ ដំណោះស្រាយមុនៗរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការត្រៀមលក្ខណៈ សម្រាប់ ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដែលអាចកើតមានឡើងគ្រប់ពេលវេលា»

មន្ត្រីដដែលបានបន្ថែមថា «ភាគីនីមួយៗមានគោលជំហររៀងៗខ្លួនរបស់ពួកគេ ហើយតាមរយៈស្ថាន ភាពដែលយើងមើលឃើញ វាប្រាកដណាស់ថា លោក Sullivan បានបញ្ជាក់យ៉ាងច្បាស់ថា យើងជឿ ជាក់ថានេះគឺជាអ្វីដែលសហរដ្ឋអាមេរិក និងចិនគួរតែអាចធ្វើការជាមួយគ្នា»