(ស្លូវីយ៉ាន់ស្កិ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែ កក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បានចាប់ផ្ដើមបើកការវាយប្រហារលើគោល ដៅជាច្រើននៅទូទាំងតំបន់ដូណេត នៃភាគខាងកើតប្រទេសអ៊ុយក្រែនហើយ នៅថ្ងៃអង្គារសប្ដាហ៍ នេះ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រកាសពីជ័យជម្នះក្នុងការវាយកាន់កាប់ តំបន់លូហានទាំងស្រុង។

តំបន់ដូណេត និងតំបន់លូហាន រួមបញ្ចូលគ្នា ត្រូវបានគេហៅថាតំបន់ដុនបាស់ ដែលជាតំបន់ឧស្សា ហកម្មដ៏សំខាន់ និងសម្បូរទៅដោយធនធានធម្មជាតិមួយ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ បើតាមអាជ្ញាធរអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះ កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារលើ ទីក្រុងស្លូវីយ៉ាន់ស្កិ៍ ដោយផ្ដាច់ជីវិតមនុស្ស ២នាក់ និង៧នាក់ផ្សេងទៀតរងរបួស ខណៈអភិបាល តំបន់ដូណេត លោក ប៉ាវឡូ គីរីឡិនកូ (Pavlo Kyrylenko) ក៏បានទទួលស្គាល់ ពីការវាយប្រហារ របស់រុស្ស៉ីនេះដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីរុស្ស៉ីកាន់កាប់តំបន់លូហានទាំងស្រុង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រុមមន្ត្រី អ៊ុយក្រែនបាននិយាយថារុស្ស៉ីនឹងផ្ដោតលើការវាយប្រហារ ជាបន្ត ជាពិសេសគឺទីក្រុងស្លូវីយ៉ាន់ស្កិ៍ និងទីក្រុងក្រាម៉ាទ័ស (Kramatorsk) ក្នុងតំបន់ដូណេត៕
































