(ភ្នំពេញ)៖ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកដឹក នាំក្រុមការងារជញ្ជីងចល័តចុះចាប់រថយន្តដឹកលើទម្ងន់នោះ បានចេញមកច្រានចោលចំពោះការ លើកឡើងថាប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នេះនាំឱ្យប៉ះពាល់ដល់ការទិញកសិផលរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ជាក់ថា ការចាប់រថយន្តដឹកលើសទម្ងន់នេះ គឺចាប់តែរថយន្តដឹក លើសទម្ងន់ធ្ងន់ៗ ហើយរថយន្តដឹកមិនលើសទម្ងន់កំណត់ដោយច្បាប់ គឺមិនមានចាប់នោះឡើយ។
ដើម្បីរួមចំណែកទប់ស្កាត់ការដឹកលើសទម្ងន់ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ឆាប់ខូចមុនកាលកំណត់ ហើយងាយបង្កឱ្យមានគ្រោះថ្នាក់ចរាចរផងនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រ សួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញវិធានការក្តៅដោយចុះចាប់ឃាត់រាល់រថយន្តដឹក លើសទម្ងន់។ ក្នុងនោះរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងទៅ នឹងត្រូវចាប់ រថយន្តរក្សាទុករយៈពេលមួយឆ្នាំថែមទៀតផង។

បន្ថែមពីលើជញ្ជីងអលច័តហើយនោះ ក្រុមការងារជញ្ជីងចល័ត ក៏បានចុះទៅតាមបណ្តាផ្លូវជាតិនានា ដែលមិនមានជញ្ជីងអល័ត ដើម្បីស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ និងកែប្រែទម្លាប់ឱ្យម្ចាស់រថយន្ត ចូលរួមគោរពច្បាប់ស្តីពីការដឹកជញ្ជូននេះ។
ក្នុងប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នៅលើផ្លូវជាតិក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនាពេលថ្មីៗ នេះ បានធ្វើឱ្យអ្នកប្រមូលទិញពោតមួយចំនួនបង្ហាញប្រតិកម្ម ដោយលើកឡើងថា ការចាប់រថយន្ត ដឹកលើសទម្ងន់នាំឱ្យក្រុមឈ្មួញថៃមិនចូលមកដឹកពោតនៅក្នុងប្រទេសកម្ពុជា។
ឆ្លើយតបការលើកឡើងថា ឯកឧត្តម ឯក រដ្ឋ ដែលជាអ្នកដឹកនាំក្រុមការងារជញ្ជីងចល័តនេះ បាន ប្រាប់ការលើកឡើងនោះជារឿងមិនពិតនោះឡើយ។ ឯកឧត្តម បានបញ្ជាក់ថា មានក្រុមអ្នករកស៊ី ដែល ដឹកជញ្ជូនមិនលើសទម្ងន់កំណត់ដោយច្បាប់ គេនៅតែអាចរកស៊ីដឹកជញ្ជូនជាធម្មតាមិនមាន ការរាំងស្ទះនោះឡើយ។ ដោយឡែកអ្នកលើកឡើងនេះ គឺជាក្រុមឈ្មួញប្រមូលទិញពោតមួយចំនួន តូច ដែលមិនព្រមកែប្រែឥរិយាបថចូលរួមគោរពច្បាប់ ហើយនៅតែចង់បន្តដឹកលើសទម្ងន់។

ឯកឧត្តម អនុរដ្ឋលេខាធិការបានបញ្ជាក់បែបនេះ «ក្រុមការងារចុះមកចាប់នេះ គឺចាប់រថយន្តដឹក លើសទម្ងន់ ដើម្បីការពារផ្លូវថ្នល់។ ផ្លូវថ្នល់យើងមួយខ្សែៗធ្វើអស់រាប់លានដុល្លារ បើយើងមិនជួយ ថែទាំ យើងដឹកលើសទម្ងន់ដូចរាល់ដងអ៊ីចឹងផ្លូវថ្នល់ជាប់មិនបានយូរ មិនជាប់បានតាមលក្ខណៈបច្ចេក ទេសយើងធ្វើទេ»។
ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយនាំឱ្យផ្លូវថ្នល់ឆាប់ ខូចខាត និងប្រើប្រាស់មិនបានតាមរយៈពេលនៃបច្ចេកទេសផ្លូវ។ រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹង រថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១ម៉ឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ។
ឯកឧត្តម ឯក រដ្ឋ បានលើកឡើងថា ដើម្បីធ្វើឱ្យផ្លូវថ្នល់អាចប្រើប្រាស់បានតាមបច្ចេកទេស មិនឆាប់ ខូចខាតទៅវិញ។ ការទប់ស្កាត់រថយន្តដឹកលើសទម្ងន់ជារឿងចាំបាច់ ដែលមិនអាចដកថយនោះ ឡើយ បើមិនដូច្នោះទេផ្លូវថ្នល់នៅតែងាយរងការខូចខាត។
«ខ្ញុំចាប់រថយន្តដែលដឹកលើសទម្ងន់ មិនថាដឹកពោត មិនថាដឹកទឹក ឬក៏ដឹកទំនិញអ្វីទេ ឱ្យតែដឹក លើសទម្ងន់ គឺក្រុមការងារចាប់ទាំងអស់។ មិនលើកលែងទេ មិនថាអ្នកមានខ្នង ឬអ្នកមិនមានខ្នង អីទេ តាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុ ន ចាន់ថុល ណែនាំដល់មន្ត្រីក្រោមឱវាទ យើងធ្វើឱ្យ មានប្រសិទ្ធភាព តម្លាភាព ស្មើភាព»។ នេះជាការបញ្ជាក់របស់លោក ឯក រដ្ឋ។

ឯកឧត្តមអនុរដ្ឋលេខាធិការដែលទទួលបន្ទុកលើការងារបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់ បានអំពាវនាវដល់ដល់អ្នករកស៊ីដឹកជញ្ជូនទាំងអស់ ឱ្យរួមគ្នាគោរពច្បាប់កុំដឹកលើសទម្ងន់កំណត់ ដោយច្បាប់ ដើម្បីចូលរួមថែទាំងផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនដើម្បី សាងសង់។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ការដឹកជញ្ជូន លើសទម្ងន់កំណត់នៅតែមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ក្រុម ការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ១,៨៣១, ៣៧៤គ្រឿង។ ក្នុងនោះរថយន្តដឹកមិនលើសទម្ងន់មានចំនួន ១,២៣០,០១០គ្រឿង រថយន្តដឹកលើសទម្ងន់ក្នុង កម្រិតអនុគ្រោះ មានចំនួន ៥៩៩,៧២១គ្រឿង។
រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានផាកពិន័យមានចំនួន ១,៦៤៣គ្រឿង ពិន័យទឹក ប្រាក់សរុបប្រមាណ ២,៨ពាន់លានរៀល។ ក្នុងចំណោមរថយន្ត ១,៦៤៣គ្រឿង ដែលបានផាក ពិន័យ មានរថយន្តចំនួន ២២០ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី ២០ភាគរយ នៃទម្ងន់អនុញ្ញាតត្រូវផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ ដោយយោងតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ត្រីកម្ពុជា តែងតែបានអំពាវនាវ និងណែនាំដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះរថយន្តដឹកលើសទម្ងន់ កំណត់នេះ ដោយមិនត្រូវមានការលើកលែងនោះឡើយ៕
































