ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី ជួបឧបសគ្គដោយសារគោលនយោបាយសូន្យកូវីដ១៩ របស់ចិន ខណៈការសាងសង់បានជិត ៣៤%


 (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងថា គម្រោងសាងសង់ព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរថ្មី កំពុងជួបឧបសគ្គ ក្នុងការសាងសង់ដោយសារគោលនយោបាយសូន្យ កូវីដ១៩ របស់រដ្ឋាភិបាលចិន ខណៈមកទល់បច្ចុប្បន្ននេះដំណើរការសាងសង់បានជិត៣៤% នៃផែនការសរុប។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែង ប្រាប់នៅថ្ងៃទី១២ មិថុនានេះថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ការសាងសង់ព្រលាន យន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៣៣.៨៥% ហើយ និងរំពឹងទុកថានៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះ នឹងឈានទៅដល់៥០%។

តែទោះជាការយ៉ាងក្តីនេះ មានការបារម្ភថា ការសាងសង់ព្រលានយន្តហោះនេះ អាចនឹងយឺតជាង ផែនការដោយសារតែ គោលនយោបាយសូន្យកូវីដរបស់ចិន ដែលបង្កជាឧបសគ្គដល់ការផ្គត់ផ្គង់ សម្ភារបរិក្ខាសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ និងការឡើងថ្លៃនៃសម្ភារៈមួយចំនួន។

ឯកឧត្តម បន្តថា ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់ ការងារអាកាសយាន្តដ្ឋាន អន្ដរជាតិសៀមរាប-អង្គរ និងការត្រួតពិនិត្យការដ្ឋានសាងសង់អាកាស យាន្តដ្ឋាន ដែលរៀបចំឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនសាងសង់បានប្តេជ្ញាថា នឹងព្យាយាមពន្លឿនការសាងសង់ ឱ្យរួចរាល់តាមផែនការ បើទោះបីជាជួបឧសគ្គបែបនេះក្តី។

ឯកឧត្តម បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងដឹងហើយថា គោលនយោបាយសេរ៉ូកូវីដរបស់ចិន ធ្វើ ឱ្យក្រុមហ៊ុនចិនមួយៗ ពិបាកក្នុងការធ្វើដំណើរចេញចូល, ទី២ការដឹកជញ្ជូនទំនិញ បរិក្ខារ សម្ភារៈ ដែលផលិតនៅទីក្រុងធំៗ ដូចជាសៀងហៃ ស៊ិនជិន ដែលប៉ុន្មានខែមុនមានការបិទខ្ទប់ អីចឹងសម្ភារ បរិក្ខារមួយចំនួន ដែលផលិតនៅទីនោះត្រូវបានគាំង មិនអាចដឹកជញ្ជូនមកបាន ត្រូវមានបញ្ហាដល់ ការអនុវត្តគម្រោងការ។ ទី៣. ការទៅលេងស្រុករបស់បុគ្គលិក កម្មករ កាលពីចូលឆ្នាំប្រមាណពី ១អាទិត្យទៅកន្លះខែ ក៏ធ្វើឱ្យមានការប៉ះពាល់ ដល់ការអនុវត្តគម្រោងការ។ ហេតុនេះការគម្រោងទុក របស់ក្រុមហ៊ុនចិនថា គម្រោងនេះនឹងមានសម្ពាធ ដើម្បីឱ្យបញ្ចប់តាមផែនការ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គាត់ខិតខំបង្កើនល្បឿន យ៉ាងណាឱ្យចប់ទៅតាមផែនការ»