នាយករដ្ឋមន្រ្តីបារំាងរួចផុត ពីការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅក្នុងសភា


 (ប៉ារីស)៖  តាមការចុះផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ ២០២២ គឺនាយករដ្ឋមន្រ្តីបារាំង លោកស្រី អ៊ីលីសាប៊ែត ប៊នស៍ (Elisabeth Borne) កាលពីថ្ងៃចន្ទ សប្តាហ៍នេះ បានរួចផុតការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅក្នុងសភា ដែលជំរុញដោយសម្ព័ន្ធភាព របស់ក្រុមឆ្វេងនិយម ដែលជាគូប្រជែង។

ការរាប់សន្លឹកឆ្នោតជាផ្លូវការបានបង្ហាញថា សមាជិកសភាចំនួន ១៤៦រូប បានបោះឆ្នោតគាំទ្រដើម្បី ដកសេចក្តីទុកចិត្តពីលោកស្រី ប៉ុន្តែសភាត្រូវការសំលេងភាគច្រើនដាច់ខាតចំនួនដល់ទៅ ២៨៩សំ ឡេង ដើម្បីរំលាយរដ្ឋាភិបាលរបស់លោកស្រីបាន។ លោកស្រី ប៊នស៍ បានថ្លែងប្រាប់សភាមុនការ បោះឆ្នោតថា «យើងគួរតែជជែកគ្នាអំពីបញ្ហាផ្សេងៗ ដែលប្រជាជនបារាំងកំពុងជួបប្រទះ ខណៈការ បោះឆ្នោតដកសេចក្តីទុកចិត្តនេះ គឺជារឿងដ៏អយុត្តិធម៌»។ លោកស្រី ប៊នស៍ បានបន្ថែមថា «ការបោះ ឆ្នោតនេះ គឺគ្រាន់ជាតាក់ទិចនយោបាយមួយប៉ុណ្ណោះ… ចូរយើងទាំងអស់ផ្លាស់ទៅរកវប្បធម៌នៃការ សម្របសម្រួលគ្នាវិញ»

សូមបញ្ជាក់ថា ការបោះឆ្នោតដកសេចក្តីទុកចិត្តនេះ ត្រូវបានគេរំពឹងទុកជាមុនរួចហើយថា នឹងទទួល បរាជ័យ បន្ទាប់ពីក្រុមសមាជិកសភាពីគណបក្សអភិរក្សនិយម និងគណបក្សស្តាំនិយមរបស់លោក ស្រី ឡឺ ប៉ែន (Le Pen) បាននិយាយថា ពួកគេនឹងធ្វើអនុបវាទ។ យ៉ាងណាមិញ នាពេលនេះ សភា បារាំងនឹងងាកទៅផ្តោតលើកិច្ចពិភាក្សាអំពីកញ្ចប់ថវិកាទំហំ២ពាន់លានអឺរ៉ូ (២០.១៣ពាន់លាន ដុល្លារ) ដែលសំដៅស្រាយបញ្ហាអតិផរណា ដែលស្នើឡើងដោយរដ្ឋាភិបាលកាលពីសប្តាហ៍មុន៕