យន្ដហោះដ្រូនអាមេរិក ផ្ដាច់ជីវិតមេដឹកនាំក្រុម ISIS ក្នុងប្រទេសស៊ីរី

 (វ៉ាស៊ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ គឺយោធាអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា មេដឹកនាំរបស់ក្រុម ISIS នៅក្នុងប្រទេសស៉ីរី ដែលជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំកំពូល ទាំង៥ របស់ក្រុម ភេរវករមួយនេះ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ទីបញ្ជាការយោធាកណ្តាលអាមេរិកបានឲ្យដឹងថា មេដឹកនាំក្រុម ISIS ឈ្មោះ ម៉ាហែរ អាល់អាហ្កាល់ (Maher al-Agal) ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាម អាកាសដោយយន្ដហោះដ្រូនមួយគ្រឿង នៅឯភាគពាយព្យនៃប្រទេសស៊ីរី ខណៈសមាជិកម្នាក់ទៀត រងរបួសធ្ងន់។ អាល់អាហ្កាល់ ជាមេដឹកនាំ កំពូលម្នាក់ក្នុងចំណោមមេដឹកនាំកំពូលទាំង៥ នៃក្រុម ISIS និងជាអ្នកទទួលខុសត្រូវក្នុងការអភិវឌ្ឍបណ្តាញISIS នៅខាងក្រៅអ៊ីរ៉ាក់ និងស៊ីរី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានកងទ័ពរបស់ខ្លួនប្រហែល ៩០០នាក់ នៅក្នុងប្រទេសស៊ីរី ដែលភាគច្រើនស្ថិតនៅឯភាគខាងកើតប្រទេស រយៈពេលជាង ១ទសវត្សរ៍ មកនេះ។ ការវាយប្រហារតាមអាកាសខាងលើនេះ គឺជាផ្នែកមួយនៃការធ្វើផែនការប្រតិបត្តិយ៉ាងទូលំទូលាយ របស់សហរដ្ឋអាមេរិក ខណៈសេចក្តីរាយការណ៍ដំបូង បង្ហាញថាមិនមានជនស៊ីវិលបាត់បង់ ជីវិតនោះទេ៕