(តូក្យូ)៖ យោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែ កក្កដា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រនេះ បានប្រកាសថានឹងកំណត់យកថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់ លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ចំពេលដែលមានការតវ៉ាមួយចំនួននៅតាមដងផ្លូវ និងតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ដែលបាន លើកឡើងថា រដ្ឋមិនគួរចំណាយថវិកាសម្រាប់ការរៀបចំពិធីបុណ្យសព នាយករដ្ឋមន្រ្តីកាន់អំណាចយូរបំផុតរបស់ជប៉ុនរូបនេះឡើយ។

លោក អាបេ ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុនកាន់អំណាចបានយូរបំផុត និងជាបុគ្គលដែលមាន ឥទ្ធិពលយ៉ាងខ្លាំងក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ត្រូវបានគេធ្វើឃាតកាលពីទី៨ ខែកក្កដា នេះ កំលុងពេលថ្លែងសុន្ទរកថាក្នុងយុទ្ធនាការបោះឆ្នោតនៅឯទីក្រុងណារ៉ា ភាគខាងលិចនៃ ប្រទេស។ ពិធីបុណ្យសពរបស់លោក អាបេ បានធ្វើឡើងភ្លាមៗជាលក្ខណៈគ្រួសារ ប៉ុន្តែគណៈរដ្ឋ មន្រ្តីជប៉ុនបានសម្រេចថាពិធីបុណ្យសពថ្នាក់ជាតិនឹងត្រូវធ្វើឡើង ជាថ្មីម្តងទៀត នៅថ្ងៃទី២៧ ខែ កញ្ញា នៅឯកីឡដ្ឋាន នីបប៉ុន ប៊ូដូកាន់ (Nippon Budokan) កណ្តាលទីក្រុងតូក្យូ។
ប្រធានខុទ្ទការល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៊ីរ៉ូកាហ្ស៊ូ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បានប្រាប់សន្និសីទសារព័ត៌មាននាថ្ងៃសុក្រនេះថា «យើងបានធ្វើការសម្រេចដូចដែលយើងធ្លាប់បានលើកឡើង នោះគឺដោយសារតែ លោក អាបេ គឺជាអតីតនាយករដ្ឋមន្រ្តីជប៉ុនដែលកាន់តំណែងយូជាង គេបំផុត ហើយលោកបានបំពេញតួនាទីជាថ្នាក់ដឹកនាំ ប្រកបដោយទំនួលខុសត្រូវក្នុងការដោះស្រាយ រាល់បញ្ហាធំៗ ជាច្រើន ទំាងក្នុងប្រទេស និងអន្តរជាតិ»។
គួរបញ្ជាក់ថា បើតាមលោក ម៉ាត់ស៊ូណុ ផែនការរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់លោក អាបេ ខាងលើនេះ នឹងត្រូវប្រើប្រាស់ថវិការដ្ឋ ដែលទំនងជានឹងយកចេញពីថវិកាបម្រុងរបស់ជាតិ។ ពិធីបុណ្យសពថ្នាក់ជាតិចុងក្រោយបំផុតសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលរដ្ឋជាចេញថ្លៃរៀបចំ ទាំងស្រុង ធ្វើឡើងកាលពីឆ្នាំ១៩៦៧៕

































