ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររៀបចំផែនការមេសំខាន់២ ពាក់ព័ន្ធនឹងការដឹកជញ្ជូន


 (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារ រៀបចំផែនការមេ ស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម រៀបចំឡើងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយកម្ពុជា ឆ្នាំ២០២២-២០៣០ រៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងមាន ការចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំ ផ្តល់មតិយោបល់ និងធាតុចូលបន្ថែម ដើម្បីធ្វើឱ្យប្រសើរឡើងដល់ផែនការមេ ទាំងពីរខាងលើកាន់ តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិមាតុភូមិ និងអាចទទួលយក បានពីគ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមពីលើនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងសាធា រណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយក្រុមហ៊ុន YCH លើគម្រោង សិក្សាអភិវឌ្ឍន៍មជ្ឈ មណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញនិងណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេច តេជោនាយករដ្ឋមន្ត្រី ក្នុងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធ ភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើ សេចក្តីព្រាងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងបន្ថែមនូវចំណុចដែលខ្វះខាត នានា ដោយផ្អែកលើផែនការមេ អន្តរកាលដែលបានអនុម័ត ជាផ្លូវការដោយក្រុមប្រឹក្សាជាតិ ភ័ស្តុភាកម្មកាលពីខែមករា ២០២០។

ឆ្លៀតក្នុងឱកាស ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់អំពីគោលនយោបាយអភិវឌ្ឍន៍ វិស័យ ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ដែលផ្តោត ជា សំខាន់លើ ការងារអាទិភាពចំនួនបួន ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលការងារ អាទិភាពទាំងនោះរួមមាន៖ ១៖ ការបញ្ចុះតម្លៃអគ្គិសនីឱ្យ នៅកម្រិតទាប ២៖ ការអភិវឌ្ឍធនធានមនុស្សល្អ ៣៖ ការបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន ៤៖ ការរៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕