ប្រមុខចារកម្មអង់គ្លេស អះអាងថា កងទ័ពរុស្ស៉ីកំពុងបាត់បង់ថាមពល ក្នុងសង្រ្គាមអ៊ុយក្រែន


 (ខូឡួរ៉ាដូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចក្រភពអង់គ្លេស បាន និយាយថាកងទ័ពរុស្ស៉ីទំនងជានឹងផ្អាកការវាយប្រហារមួយចំនួននៅក្នុងប្រទេស អ៊ុយក្រែន នៅ ប៉ុន្មានសប្ដាហ៍ខាងមុខ ដែលនេះគឺជាឱកាសល្អមួយសម្រាប់កងទ័ពអ៊ុយក្រែនធ្វើការវាយបក។

លោក រីឆាដ ម័រ (Richard Moore) ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ MI6 ធ្វើការកត់ សម្គាល់ខាងលើ នៅឯវេទិកាសន្តិសុខ Aspen រៀបចំឡើងក្នុង រដ្ឋខូឡូរ៉ាដូ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាមួយការវាយតម្លៃផងដែរថាមកទល់នឹងបច្ចុប្បន្ន កងទ័ពរុស្ស៉ីប្រហែលជា ១៥,០០០ នាក់ ត្រូវបានសម្លាប់នៅក្នុង សង្រ្គាមអ៊ុយក្រែន។

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រូបនេះបានបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំគិតថាពួកគេ (រុស្ស៉ី) នឹងផ្អាកការវាយប្រហារមួយចំនួន ដោយសារតែពួកគេអស់ ថាមពល ហើយដែលនេះគឺជាឱកាស សម្រាប់កងទ័ពអ៊ុយក្រែនធ្វើការវាយបក»។ លោកបន្ថែមថានៅប៉ុន្មានសប្ដាហ៍ខាងមុខ យោធារុស្ស៉ី អាចនឹងកាន់តែពិបាក ក្នុងការបង្កើនចំនួនកងទ័ព និងបរិក្ខាយោធា។

គួរបញ្ជាក់ថា បើតាមលោក រីឆាដ ម័រ បច្ចុប្បន្ន វាចាំបាច់ណាស់ត្រូវតែបង្ហាញថាអ៊ុយក្រែន មានលទ្ធ​ភាពឈ្នះសង្រ្គាមសព្វថ្ងៃ ដើម្បីលើកកម្ពស់ស្មារតីប្រយុទ្ធ របស់កងទ័ពអ៊ុយក្រែន ព្រមទាំងលើកទឹក ចិត្តឱ្យបណ្ដាប្រទេសលោកខាងលិចបន្តផ្ដល់ការគាំទ្រ ស្របពេលបណ្ដាប្រទេសអឺរ៉ុបកំពុងបារម្ភ ពីការខ្វះខាតឧស្ម័ន ប្រើប្រាស់ ជាពិសេសនៅពេលរដូវរងាចូលមកដល់៕