(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណោះស្រាយលើករណី ការកាត់លុយទូរសព្ទរបស់លោកស្រី កុល សុខគុំ ដែលបានបង្ហោះវីដេអូ ក្នុងគណនីហ្វេសប៊ុកឈ្មោះ «យាយគុំ ទឹកឆា»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាន។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្មីៗនេះ មានវីដេអូមួយ ដែលបង្ហោះដោយម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ «យាយគុំ ទឹកឆា» និងបានចែកចាយពេញបណ្តាញសង្គមអំពីអ៊ំស្រីម្នាក់ បាន សម្តែងការខឹងសម្បារយ៉ាងខ្លាំង នឹងក្រុមហ៊ុនស្មាតអាស្សាតា ដែលបានកាត់លុយដោយមិនដឹងមូល ហេតុ នៅពេលគាត់បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់គាត់។បន្ទាប់ពីឃើញករណីនេះ អគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយនិយ័តករទូគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចុះទៅសិក្សាស្វែងយល់ដើម្បីពិនិត្យ និងដោះស្រាយករណីនេះភ្លាមៗ។

ក្រោយពីបានពិនិត្យ និងសាកសួរលោកស្រី កុល សុខគុំ ដែលជាអ្នកជួបបញ្ហានេះផ្ទាល់ បានរក ឃើញថា ការកាត់ទឹកប្រាក់របស់គាត់ គឺបណ្តាលមកពីលេខទូរសព្ទនេះ នៅជំពាក់លុយដែលបានខ្ចី នៅពេលដែលទូរសព្ទមិនអាចហៅចេញ ហើយនៅពេលដែលបញ្ចូលទឹកប្រាក់ឡើងវិញ ក្រុមហ៊ុន ក៏បានកាត់លុយនោះសងត្រលប់វិញភ្លាមៗ។
លោកស្រីក៏បានបញ្ជាក់ថា ពុំបានដឹងអំពីការខ្ចីនោះឡើយ ដែលជាមូលហេតុធ្វើឲ្យរូបគាត់ខឹងសម្បារ អំពីការកាត់លុយដោយគ្មានមូលហេតុ។
ក្នុងន័យនេះ ដើម្បីការពារកុំឲ្យមានករណីខ្ចីលុយ ដោយសាមីខ្លួនមិនបានដឹង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឲ្យប្រតិបត្តិករទូរសព្ទទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់សេវាខ្ចីលុយ ជូនអតិថិជនបន្តទៀត ដើម្បីជៀសវាងកុំឲ្យមានការភាន់ច្រឡំផ្សេងៗ ក្នុងគោលដៅការពារផល ប្រយោជន៍របស់អ្នកប្រើប្រាស់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនផងដែរថា កន្លងមក ក.ប.ទ. បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចការពារសិទ្ធិអ្នកប្រើប្រាស់ ជាពិសេសបញ្ហាកាត់ទឹកប្រាក់ ទូរសព្ទ ពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការតភ្ជាប់សេវាផ្សេងៗដោយមិនបានដឹងជាដើម ដោយបានដាក់ឲ្យអនុវត្តលេខកូដរួម *1200# ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចផ្តាច់គម្រោង ដែលមិនចាំបាច់។
សាធារណជនអាចទស្សនាវីដេអូ ពន្យល់ពីវិធីផ្តាច់គម្រោងនេះ តាមរយៈទំព័រហ្វេសបុក ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ឬស្កេន QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://fb.watch/eq5gO55sjc/។
ទន្ទឹមនឹងនេះ ចំពោះអ្នកប្រើប្រាស់ ដែលជួបបញ្ហាផ្សេងពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍ ក៏អាចប្តឹង តវ៉ាមកនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈ ទូរសព្ទ ៦៧៨៩ ដើម្បីដោះស្រាយជូនផងដែរ។
ជាថ្មីម្តងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្តេជ្ញាបន្តតាមដាន និងចាត់វិធានការយ៉ាងតឹង រ៉ឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទ ចល័តណា ដែលបានប្រព្រឹត្តខុស៕

































