សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណសម្តេចម៉ែ ចំពោះការប្រោសព្រះរាជទានព្រះរាជ ទ្រព្យ១លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ បានថ្វាយសារលិខិតថ្វាយអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ចំពោះការប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យចំនួន១លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលទទួលបាន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា បានមានខ្លឹម សារទាំងស្រុងយ៉ាងដូច្នេះថា «បពិត្រសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។ ក្នុងនាមសមាជិក សមាជិការាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រជា ជនកម្ពុជាទូទាំងប្រទេស ជាបឋមទូលព្រះបង្គំជាខ្ញុំសូមលំឱនកាយថ្វាយ នូវអំណរព្រះរាជគុណជា អតិបរមា ចំពោះហ្លួងម៉ែជាអម្ចាស់ជីវិត ដែលទ្រង់សេ្តចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវថវិកាចំនួន ១.០០០.០០០ $US (មួយលានដុល្លារសហរដ្ឋអាមេរិក) ដល់ទូលព្រះបង្គំជាខ្ញុំ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

តបចំពោះព្រះរាជគុណូបការៈ ព្រមទាំងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ខណៈនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាគ្រប់រូបនៃរាជរដ្ឋាភិបាល សូមលំឱនកាយថ្វាយព្រះ សព្ទសាធុការពរបវរមហាប្រសើរ សូមហ្លួងម៉ែជាអម្ចាស់ ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និង កតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ»៕