(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកម្ម វិធី «បញ្ជ្រាបការយល់ដឹង ស្តីពីមុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្ម ពេញលេញ» ជូនថ្នាក់ ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួង-ស្ថាប័ន ចំនួន១២ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង២៥ រាជធានី-ខេត្ត។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ មកពីក្រសួង-ស្ថាប័នចំនួន ១២ (ក្រសួងធនធានទឹក និង ឧតុនិយម; ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ; ក្រសួងពាណិជ្ជកម្ម; ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា; ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍; ក្រសួងទេស ចរណ៍; លេខាធិការដ្ឋានអាកាសចរស៊ីវិល; សាលាឧទ្ធរណ៍; តុលាការកំពូល; អាជ្ញាធរសវនកម្មជាតិ; អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និង អគ្គលេខាធិការដ្ឋានរដ្ឋសភា) និង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ ។

ឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសរំលេចអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជាពិសេសការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងគម្រោង ក្នុងការបន្តអភិវឌ្ឍកម្មវិធី និងមុខ ងារថ្មីៗ នៅក្នុងប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្រសួង-ស្ថាប័ន និង អង្គភាពប្រតិបត្តិ ក្នុងការ ទទួលបាននូវថវិកាបានទាន់ពេលវេលា ដើម្បីឆ្លើយតបដល់ការផ្តល់សេវាសាធារណៈ ឲ្យកាន់តែ មានគុណភាពប្រសើរឡើង។
ជាក់ស្តែង ការបន្ថែមមុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ ជូនដល់ក្រសួង-ស្ថាប័នទាំង១២ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ឲ្យអនុវត្តពេញលេញក្នុងឆ្នាំ ២០២៣ ខាងមុខ នឹងជួយបង្កើនល្បឿន និងវិសាលភាព ប្រកបដោយឧត្តមានុពល ក្នុងការសម្រួល ដល់ប្រសិទ្ធភាពការងាររបស់ខ្លួន ដើម្បីបម្រើដល់សាធារណជន។

ទន្ទឹមនឹងការដាក់ឲ្យអនុវត្តមុខងារបន្ថែមថ្មីនេះ លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ក៏បានគូស អំពីភាពចាំបាច់ និងខានពុំបាននៃការផ្លាស់ប្តូររបៀបរបប ធ្វើការតាមប្រព័ន្ធស្តង់ដារការងារថ្មី ដែល តម្រូវឲ្យថ្នាក់ដឹកនាំ និងមន្ត្រី អនុវត្តប្រព័ន្ធ FMIS ត្រៀមខ្លួនទទួលយក និងសម្របតាមការផ្លាស់ប្តូរ ក្នុងន័យ «លំបាកមុន ងាយស្រួលនៅពេលក្រោយ» ដោយហេតុថាប្រព័ន្ធនឹងជួយផ្ដល់មូលដ្ឋាន សម្រាប់កែសម្រួលនីតិវិធីអនុវត្តការងារ សំដៅធ្វើស្វ័យប្រវត្តិកម្ម, ការងារកាន់តែប្រសើរជាងមុន ដូចជា ការរៀបចំរបាយការណ៍, ការវិភាគព័ត៌មានផ្សេងៗ និងការកែសម្រួលនីតិវិធីអនុវត្តការងារ តាមប្រព័ន្ធទាំងស្រុង ដោយមិនមានការធ្វើចរាចរឯកសារជាក្រដាសនៅខាងក្រៅប្រព័ន្ធ ដែលកន្លង មកបង្កឱ្យមានភាពយឺតយ៉ាវ និង មានការជួបមុខគ្នា ដែលបង្កឲ្យមាននូវបញ្ហាអសកម្មជាច្រើន ដែលយើងទាំងអស់គ្នាបានជួបប្រទះរៀងៗខ្លួន ឬ ដូចគ្នា។
បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នទាំង ១២ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ឲ្យបន្តខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធ FMIS និងបន្តពង្រឹង សមត្ថភាពរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដើម្បីសម្របខ្លួន និងចាប់យកឱកាសនៃការផ្លាស់ប្តូរនេះ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា «ការផ្លាស់ប្តូរនៅតែបន្តឥតឈប់ និងមិនអាចបកក្រោយបាន ឡើយ ប្រសិនជាយើងមិនយកចិត្តទុកដាក់ នោះយើងនឹងតាមមិនទាន់គេឡើយ ករណីនេះ គឺប្រៀប បានដូចគ្នា ទៅនឹងការអភិវឌ្ឍប្រទេស ឲ្យតាមទាន់ទៅនឹងប្រទេសក្នុងតំបន់ និងសកលលោក ពីព្រោះយើងទទួលស្គាល់ថា អ្វីដែលសំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺត្រូវចេញ ពីធនធានមនុស្ស ដែលជាកម្លាំងរុញច្រានរាល់សកម្មភាពទាំងអស់ ឲ្យវិវឌ្ឍទៅមុខ»៕
































