រុស្ស៊ី ចោទប្រកាន់ទាហានអ៊ុយក្រែន ៩២នាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ


 (មូស្គូ)៖  យោងតាមការចុះផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថាប្រធានគណៈកម្មាធិការស៉ើបអង្កេតរបស់រុស្ស៉ី លោក អាឡិចហ្សាន់ដឺ បាស់ទ្រីគីន (Alexander Bastrykin) បាននិយាយថា ទីក្រុងមូស្គូ បានចោទប្រកាន់សមាជិកកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែនចំនួន ៩២នាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោក បាស់ទ្រីគីន បានប្រាប់គេហទំព័រសារព័ត៌មាននៅក្នុងស្រុកឲ្យដឹងថា ការស៊ើបអង្កេតពីបទ ឧក្រិដ្ឋចំនួន ១,៣០០ករណី ត្រូវបានធ្វើឡើង ហើយ លោកក៏បានស្នើឲ្យបង្កើតសាលាក្តីអន្តរជាតិ មួយ ដែលមានការគាំទ្រពីប្រទេសនានាដូចជា បូលីវី, អ៉ីរ៉ង់ និងស៉ីរីផងដែរ។ លោកបន្ថែមទៀតថាមនុស្ស ចំនួន ៩៦នាក់ផ្សេងទៀត រួមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនចំនួន៥១នាក់ ក៏កំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនផងដែរ ដោយ ចោទថាពួកគេមាន ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងសន្តិភាព និងសន្តិសុខមនុស្សជាតិ។

គួរបញ្ជាក់ថា អ៊ុយក្រែន ក៏កំពុងធ្វើការស៉ើបអង្កេតដោយខ្លួនឯងដែរពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្ត ឡើងដោយទាហានរុស្ស៉ី ដោយនៅក្នុងខែកក្កដា នេះ ទីក្រុងកៀវ បានប្រកាសថាមានបទឧក្រិដ្ឋ កម្មសង្រ្គាម និងឧក្រិដ្ឋកម្មនៃការឈ្លានពានជាង ២១,០០០ករណី ត្រូវបានចោទប្រកាន់លើ ទាហានរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ៕