(ភ្នំពេញ)៖ អាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពីក្តីតក់ស្លុត និងសោកសៅយ៉ាង ក្រៃលែងចំពោះប្រទេសមីយ៉ាន់ម៉ា ដែលប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ០៤រូប។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលទទួលបាន។
សកម្មជនបក្សប្រឆាំងចំនួន ០៤រូបនោះ ដែលត្រូវរបបយោធាមីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតនោះ រួមមាន៖ លោក ភ្សូ ហ្សេយ៉ា ថរ, លោក ក្យរ មីនយូ, លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស បើទោះបីមានការស្នើសុំឱ្យពិចារណាឡើងវិញ លើសេចក្តីសម្រេចផ្តន្ទាទោសលើជនទាំងនោះ ដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាម ជាប្រធានអាស៊ាន ក៏ដូចជាសំណូមពរពីសំណាក់រដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្តី។

អាស៊ានបានចាត់ទុកថា នេះជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង។
តាមរយៈសេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា ខណៈដែលមានការទទួលស្គាល់នូវភាពស្មុគ ស្មាញនៃវិបត្តិ ព្រមទាំងកំដៅទោសៈមោហៈផ្ទុះឡើងគ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា អាស៊ានជា រួមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ទ្រាំ និងភាពអត់ធ្មត់ជាអតិបរិមា ហើយខិតខំ ចៀសវាងមិនធ្វើឱ្យជម្លោះរីករាលដាលកាន់តែខ្លាំង។ គឺជាទង្វើរមិនអាចអត់ឱនបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំ ប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្តដើម្បីឱ្យធ្វើមានកិច្ចសន្ទនាក្នុង ចំណោមភាគីពាក់ព័ន្ធទាំងអស់សំដៅបញ្ចប់អំពើហិង្សាការអនុវត្តទោសប្រហារជីវិតតែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់។
អាស៊ាន នៅតែប្រកាន់ខ្ជាប់គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជា ឯកច្ឆន្ទ៥ចំណុច។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមលើកបន្ទរនូវសំឡេងដ៏លើសលុបក្នុង មជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលជំរុញឱ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការ ជាក់ស្ដែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ឱ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាព។
អាស៊ានបន្តអំពាវនាវយ៉ាងខ្លាំងក្លានិងជាបន្ទាន់ដល់ភាគីទាំងអស់ឱ្យចៀសវាងនូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនាដោយសន្តិវិធីក្នុង ចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាព ទាំងនៅ មីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល។
អាស៊ាន នៅតែតាំងចិត្តបន្តរិះរកវិធីសាស្ត្រជួយមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាព និងដំណើរការ កែប្រែទៅរកលទ្ធិប្រជាធិបតេយ្យហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់ មីយ៉ាន់ម៉ាខ្លួនឯង ស្របទៅតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងធម្មនុញ្ញអាស៊ាន។ ទាំងនេះគឺជាតម្រូវការបន្ទាន់ ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតមនុស្សកាន់តែច្រើន និងបំបាត់នូវទុក្ខ វេទនារបស់ប្រជាជន៕

































