សហភាពអឺរ៉ុបព្រមានផលិតផលមីកញ្ចប់ និងហ្វឺវៀតណាមដោយសារមានផ្ទុកសារធាតុហាម ឃាត់លើសកម្រិត


(ហាណូយ)៖  យោងតាមកាសែត VN Express របស់វៀតណាម បានប្រាប់អោយដឹងថា ប្រទេស អាល្លឺម៉ង់បានចេញការព្រមានចំពោះផលិតផលមីកញ្ចប់ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួនដែលមានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើស កម្រិត។ កាសែត VN Express បានរាយការណ៍ថា អាជ្ញាធរអនាម័យ និងភូតគាមអនាម័យ និង ស៊ើបអង្កេតវៀតណាម (SPS) ស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបាន ឱ្យដឹងថា ខ្លួនបានទទួលការព្រមានពីសហភាពអឺរ៉ុប ទាក់ទងនឹងផលិតផលមីកញ្ចប់មួយចំនួនដែល នាំចេញដោយក្រុមហ៊ុនវៀតណាមនាំចេញ។

ប្រទេសអាឡឺម៉ង់បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ដែលមានរសជាតិសាច់មាន់ដែលផលិតដោយក្រុមហ៊ុន Asiafoods Corporation ដោយសារមានផ្ទុកកម្រិតអេទីឡែនអុកស៊ីតខ្ពស់ជាង ស្តង់ដារសហភាពអឺរ៉ុប។ ទន្ទឹមនឹងនោះ ប្រទេសម៉ាល់តាបានចេញការព្រមានចំពោះផលិតផល ហ្វឺដែលផលិតដោយក្រុមហ៊ុន Nguyen Gia ដោយសារក្រុមហ៊ុននេះប្រើប្រាស់អង្ករដែលកែប្រែ ហ្សែន (genetically modified rice) សម្រាប់ផលិតផលរបស់ខ្លួនផងដែរ។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់សំដីអ្នកតំណាងរបស់នាយកដ្ឋាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមថា នាយកដ្ឋានរបស់ លោកកំពុងផ្ទៀងផ្ទាត់បាច់ (batch) មីកញ្ចប់ដែលរងការព្រមាននៅក្នុងប្រទេសអាល្លឺម៉ង់នេះ។ អ្នកតំណាងរូបនេះបាននិយាយថា បាច់ទាំងនេះអាចត្រូវបាននាំចេញតាំងពីឆ្នាំមុន នៅពេលដែលមិន ទាន់មានការដាក់កម្រិតស្តង់ដារលើអេទីឡែនអុកស៊ីតនៅពេលនាំចេញ។

ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈ សហភាពអឺរ៉ុបបានដាក់ចេញលក្ខខណ្ឌតម្រូវឱ្យមានវិញ្ញាបនបត្រ សម្រាប់បាច់មីកញ្ចប់ដែលនាំចូលទៅក្នុងតំបន់នេះ។ បាច់មីកញ្ចប់ទាំងនេះនឹងត្រូវបានត្រួតពិនិត្យរកមើលកម្រិតសារធាតុអេទីឡែនអុកស៊ីតបន្ទាប់នាំចេញ ហើយរហូតមកដល់ពេលនេះមិនមានបាច់មីកញ្ចប់ណាមួយត្រូវបានប្រគល់មកវិញទេ។

អ្នកតំណាងដដែលនេះបានឱ្យដឹងទៀតថា ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា កម្រិតអេទីឡែនអុកស៊ីដ នៅក្នុងផលិតផលមីកញ្ចប់លើសពីស្តង់ដារអតិបរមាដែលត្រូវបានអនុញ្ញាតពី ២ ទៅ ៣ដង។ កម្រិតកំណត់អេទីឡែនអុកស៊ីដបច្ចុប្បន្នតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុបគឺ ០,០១មីលីក្រាម ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

កាសែត VN Express បានរាយការណ៍ទៀតថា នៅពេលអនាគត នាយកដ្ឋានវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងយកសំណាកផលិតផលមីកញ្ចប់ ពីទីផ្សារវៀតណាម ដើម្បីវាយតម្លៃវត្តមានរបស់សារធាតុអេទីឡែនអុកស៊ីដ និងបង្កើតស្តង់ដារ កម្រិតកំណត់សម្រាប់សារធាតុនេះ។

កាលពីខែសីហា ឆ្នាំមុន ផលិតផលមីកញ្ចប់ជាច្រើនមុខដែលផលិតដោយក្រុមហ៊ុនវៀតណាម ផ្សងៗក៏ត្រូវបានប្រមូលយកមកពីទីផ្សារវិញដោយសហភាពអឺរ៉ុបផងដែរ ដោយសារមានកម្រិត អេទីឡែន អុកស៊ីតខ្ពស់។ អេទីឡែនអុកស៊ីតគឺជាសារធាតុសរីរាង្គដែលរួមផ្សំសារធាតុផ្សេងៗបញ្ចូលគ្នា រួមទាំងថ្នាំសម្លាប់មេ៕