(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បានចុះហត្ថលេខាលើប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វ របស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅខេត្តកំពង់ស្ពឺ។ ការពង្រីកទំហំឃ្លាំង និងលទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណី ប្រកបដោយប្រសិទ្ធផល។ គម្រោងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាចទិញវត្ថុធាតុដើម បានកាន់តែ ច្រើនពីម្ចាស់កសិដ្ឋាន ខ្នាតតូចក្នុងស្រុក នៃដំណាំ ពោត ស្រូវ ដំឡូងមី ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ ខ្លួន តាមរយៈការបង្កលក្ខណៈ ដល់ការផ្គត់ផ្គង់ផលិតចំណីប្រកបដោយគុណភាពសម្រាប់កសិករ ចិញ្ចឹមបសុសត្វ និង ត្រី។ ជាមួយការវិនិយោគនានាលើឃ្លាំងផ្ទុក ផលិតផលពោតគម្រោងនេះ ក៏ គាំទ្រដល់ការដំឡើងម៉ាស៊ីនសម្ងួតអាចរក្សាទុក បានកាន់តែយូរ និងកាត់បន្ថយហានិភ័យដែល បណ្តាលមកពីអាកាសធាតុ។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានថ្លែងថា «តាមរយៈ ការគាំទ្រដល់ DH-TMH យើងកំពុងជួយពង្រឹងខ្សែសង្វាក់តម្លៃចំណី ធ្វើឲ្យប្រសើរឡើងនូវជីវភាព រស់នៅ របស់កសិករដំណាំចំណី បសុសត្វ និង ត្រី ហើយគាំទ្រសកម្មភាពកសិកម្ម ដែលមាន និរន្តរ ភាព និង ភាពធន់។ ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និង តម្លៃ សមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និង កាត់បន្ថយការពឹង ផ្អែកលើ ការនាំចូលចំណីសត្វ»។
លោក Gabor Fluit នាយកប្រតិបត្តិ De Heus នៅអាស៊ី បានថ្លែងថា «De Heus TMH ប្តេជ្ញាផ្តល់ អំណាចដល់កសិករឯករាជ្យនៅកម្ពុជា។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ ADB រួមជាមួយនឹងការផ្តោតការយកចិត្តទុកដាក់របស់យើងលើការបណ្តុះបណ្តាល និង ការចែករំលែក ចំណេះដឹងជាមួយនឹងបាវចនា ‘ចំណេះដឹងសកល-ផលជះក្នុងតំបន់’ នឹងគាំទ្រ និង ពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រូតេអ៊ីនសម្រាប់សត្វនៅកម្ពុជា»។

ជំនួយបច្ចេកទេសមួយ នឹងគាំទ្រដល់ការបណ្តុះបណ្តាលសម្រាប់កសិករដាំពោតចំនួន ២,០០០នាក់ និងកសិករចិញ្ចឹមមាន់ចំនួន ២,០០០នាក់ ដែលភាគច្រើនជាស្ត្រី អំពីការអនុវត្តធ្វើឲ្យកសិដ្ឋាន ធន់នឹងអាកាសធាតុ ព្រមទាំងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ការគាំទ្រកសិករជាស្រ្តីនឹងជួយពង្រឹងមុខកាងាររបស់ពួកគាត់នៅក្នុងកសិដ្ឋាន និងជំរុញលទ្ធភាព ទទួលបានហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ផងដែរ។
ប្រតិបត្តិការនេះ នឹងគាំទ្រដោយមូលនិធិអភិវឌ្ឍន៍អាស៊ី ១៣ (Asian Development Fund 13) Private Sector Window (PSW) តាមរយៈដំណោះស្រាយការធានាដោយផ្នែក (partial guarantee solution)។ PSW គាំទ្រដល់ការអភិវឌ្ឍនវិស័យឯកជននៅក្នុងទីផ្សារកំពុងអភិវឌ្ឍ ដោយផ្តល់ធនធាន សម្រាប់ហិរញ្ញប្បទានដល់ផលិតផលហិរញ្ញវត្ថុដែលដោះស្រាយ និង កាត់បន្ថយ ឧបសគ្គទទួលបាន ហិរញ្ញប្បទានទូទៅដែលរារាំងប្រតិបត្តិការក្នុងវិស័យឯកជនជាច្រើន។
DH-TMH គឺជាអ្នកផលិតចំណីសត្វធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានសមត្ថភាព ផលិតចំណីសត្វ ១៨០,០០០តោន។ DH-TMH គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង De Heus នៃប្រទេស ហូឡង់ (ដែលជាអ្នកផ្គត់ផ្គង់ចំណីសត្វគ្រប់គ្រងដោយគ្រួសារលំដាប់ពិភពលោក ហើយ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ១៩១១) និងក្រុមហ៊ុន TMH Company Limited នៅប្រទេសកម្ពុជា៕
































