រុស្ស៊ីគ្រោងនឹងដកខ្លួនចេញពីគម្រោងស្ថានីយអវកាសអន្តរជាតិ ក្រោយឆ្នាំ២០២៤


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Wasington Post នៅថ្ងៃអង្គារ ទី២៦ ខែកក្ដដា ឆ្នាំ២០២២ អោយដឹងថា ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារនេះបានប្រកាសថា ខ្លួននឹងដកខ្លួនចេញ ពីគម្រោងស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្រោយឆ្នាំ២០២៤ ដោយផ្តោតលើការកសាងស្ថានីយ ផ្ទាល់ខ្លួន ចំពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងម៉ូស្គូ និងលោកខាងលិចជុំវិញការប្រយុទ្ធគ្នាក្នុង ប្រទេសអ៊ុយក្រែន។

ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos ដែលទើបតែងតាំងថ្មី លោក Yuri Borisov បាន ប្រកាសពីការសម្រេចចិត្តបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារនេះ ដោយនិយាយថា ទីភ្នាក់ងារនឹងផ្តោតលើការសាងសង់ស្ថានីយគន្លងគោចរផ្ទាល់ ខ្លួនជំនួសវិញ។

ទីភ្នាក់ងារអវកាសអាមេរិក NASA និងដៃគូអន្តរជាតិផ្សេងទៀតសង្ឃឹមថា នឹងបន្តដំណើរការស្ថានីយ អវកាសរហូតដល់ឆ្នាំ២០៣០ ខណៈដែលរុស្ស៊ីមានការស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តលើសពីឆ្នា ២០២៤។

គួរបញ្ជាក់ថា ស្ថានីយ អវកាសអន្តរជាតិនេះ ត្រូវបានគ្រប់គ្រងរួមដោយទីភ្នាក់ងារអវកាសរបស់រុស្ស៊ី សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និងកាណាដា។ បំណែកដំបូងត្រូវបានបាញ់បង្ហោះចូលក្នុងគន្លងតារាវិថីក្នុងឆ្នាំ១៩៩៨ ហើយស្ថានីយនេះត្រូវបានរស់ នៅជាបន្តបន្ទាប់អស់រយៈពេលជិត២២ឆ្នាំមកហើយ។ វា ត្រូវ បានប្រើដើម្បីធ្វើការស្រាវជ្រាវវិទ្យា សាស្ត្រក្នុងទំនាញសូន្យ និងសាកល្បងឧបករណ៍ សម្រាប់ការធ្វើដំណើរក្នុងលំហ នាពេលអនាគត៕