(ភ្នំពេញ)៖ លោក ហាវ វិសិដ្ឋ អគ្គនាយករង រដ្ឋបាលជលផល បានឲ្យដឹងថា រយៈពេលចុងក្រោយ នេះ ក្រុមហ៊ុនកែច្នៃត្រីនៅកម្ពុជា កំពុងបញ្ជាទិញត្រីប្រាសាច់សជាបណ្ដើរៗ ដើម្បីកែច្នៃនាំចេញទៅ កាន់ប្រទេសចិន តាមផែនការការនាំចេញលើកដំបូង មានចំនួន៤០តោន។
ថ្លែងប្រាប់នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហាវ វិសិដ្ឋ បានបញ្ជាក់ថា «ការនាំ ចេញត្រីប្រាទៅកាន់ប្រទេសចិន នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ ជាក់ស្ដែងចាប់ពីសប្ដាហ៍មុនរហូត ដល់ពេលនេះ ក្រុមហ៊ុនកែច្នៃត្រីនៅកម្ពុជា បានបញ្ជាទិញប្រាសាច់ស ពីកសិដ្ឋានវារីវប្បកម្មក្នុងមួយថ្ងៃ មួយតោនជារៀងរាល់ថ្ងៃ ដើម្បីកែច្នៃនាំចេញទៅកាន់ប្រទេសចិន»។

លោកបានបន្ដថា ចំពោះការបញ្ជាទិញតិចក្នុងមួយថ្ងៃមួយតោននេះ ដោយសារតែក្រុមហ៊ុនកែច្នៃ កង្វះកម្លាំងពលកម្ម និងមានអ្នកជំនាញតិច ប្រសិនបើការបញ្ជាទិញច្រើននឹងធ្វើឲ្យការកែច្នៃមិន ទាន់។ លោកបានបញ្ជាក់ទៀតថា «ចំពោះផែនការនៃការនាំចេញត្រីប្រារបស់កម្ពុជា ទៅប្រទេសចិន ជាលើកដំបូងនេះ នឹងនាំចេញចំនួន៤០តោន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងញាប់ដៃញាប់ជើង ក្នុងការកែ ច្នៃឲ្យគ្រប់ផែនការ៤០តោននេះ ដើម្បីនាំចេញឲ្យបានឆាប់រហ័ស នេះជាជំហានដំបូងនៃ ការសាក ល្បងថា តើត្រីប្រារបស់កម្ពុជា មានការពេញនិយម ក្នុងប្រទេសចិនដែលឬទេ? ប្រសិនបើមានការគាំទ្រច្រើននោះកម្ពុជា នឹងបង្កើនជំហានបន្ដបន្ទាប់ ក្នុងការនាំចេញ»។
សូមជម្រាបថា ភាគីខាងចិនបានយល់ព្រម និងអនុញ្ញាតឲ្យកសិដ្ឋានចិញ្ចឹមត្រីប្រាទាំង៣កន្លែង ដែលបានបំពេញបែបបទ និងចុះបញ្ជីជាមួយរដ្ឋបាលជលផល នាំត្រីប្រាទៅប្រទេសចិន។

បើតាមរដ្ឋបាលជលផល ឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មរបស់កម្ពុជាសរុបជាង៤០ម៉ឺនតោន ក្នុងនោះ ទិន្នផលត្រីប្រា ទទួលបានប្រមាណ៣០% ទៅ៤០% នៃទិន្នផលវារីវប្បកម្មសរុបរបស់កម្ពុជា។
លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគវារីវប្បករកម្ពុជា បានជំរុញឲ្យអ្នកចិញ្ចឹមត្រីប្រា ត្រូវធ្វើយ៉ាងណា ចិញ្ចឹមឲ្យមានលក្ខណៈស្ដង់ដារល្អ ដើម្បីត្រូវនឹងទីផ្សារប្រទេសចិន ដែលគេចង់បាន ដោយទឹកត្រូវតែល្អ, សាច់ត្រីប្រា ត្រូវមានសាច់ល្អ និងត្រូវស្ដង់ដារ។
ក្រៅពីត្រីប្រា លោក សុខ រ៉ាដែន រំពឹងថា ត្រីទីឡាប់យ៉ា ក៏អាចជាគោលដៅ នៃទីផ្សារប្រទេសចិន ដោយសារត្រីទីឡាប់យ៉ា កម្ពុជាមានសមត្ថភាពផលិត ព្រោះត្រីប្រភេទនេះ មានការរីកលូតលាស់ លឿន និងមានសាច់ល្អ ដែលជាគោលដៅទីផ្សារអន្ដរជាតិ៕
































