(ភ្នំពេញ)៖ មន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានស្នើដល់ ផលិតករឈប់ផលិតវីដេអូបែបអប់រំទាំងឡាយណា ដែលមិនបានបង្ហាញការអប់រំទេ តែបែរជា បង្ហាញពីចរិតអសីលធម៌ទៅវិញនោះ។
ការស្នើរបស់មន្ត្រីក្រសួងវប្បធម៌បានធ្វើឡើងបន្ទាប់ពីមានការចែកចាយលើបណ្តាញសង្គមនូវវីដេអូមួយចំនួន ដែលត្រូវបានផលិតឡើង ដោយដាក់ចំណងជើងអប់រំ តែអត្ថន័យជាក់ស្តែង មិនបានបង្ហាញ ពីអត្ថន័យអប់រំនោះឡើយ។
ថ្លែងប្រាប់ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានបញ្ជាក់ថា «រាល់ថ្ងៃយើងឃើញមានការប្រតិកម្មមួយចំនួន លើវីដេអូកម្សាន្តលើបណ្តាញសង្គម។ វីដេអូ (កម្សាន្ត) បែបនេះ មានរូបភាព២ ទី១ គាត់ធ្វើក្នុងន័យអប់រំ (ទី២) ប៉ុន្តែខ្លឹមសាររូបភាពកន្លែងខ្លះមិនបាន បង្ហាញពីការអប់រំ បែរជាបង្ហាញពីចរិតអសីលធម៌ទៅវិញ»។

បើតាមមន្ត្រីក្រសួងវប្បធម៌ គឺក្រសួងលើកទឹកចិត្តឲ្យបង្កើតមាតិកាវីដេអូអប់រំ ប៉ុន្តែក្រសួងមិនគាំទ្រ ការផលិតវីដេអូ ដែលប្រាសចាកសីលធម៌ឡើយ។ លោកបានបន្ថែមថា កន្លងមកក្រសួងវប្បធម៌ បានរៀបចំសិក្ខាសាលាអប់រំ ពាក់ព័ន្ធនឹងការផលិតវីដេអូ ផ្សព្វផ្សាយលើបណ្តាញសង្គម ដើម្បីទប់ ស្កាត់កុំឲ្យមានការផលិតមាតិកា ដែលនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លែថ្នូររបស់វប្បធម៌ជាតិទាំងមូល។
សូមជម្រាបថា វីដេអូមួយក្រោមចំណងជើងថា «សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ» ដែលគេឃើញនារីម្នាក់ស្រាតខោក្នុង លើកបង្ហាញដល់បុរសម្នាក់ក្នុងឡាន ដែលបង្ហោះដោយ គណនី Facebook ឈ្មោះ KHEM YANG Online ទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។ មហាជន ក៏បានស្នើដល់សមត្ថកិច្ចជួយហៅពួកគេទៅអប់រំផងដែរ។
ថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានហៅក្រុមបាវិត ដែលផលិតវីដេអូ សម្តែង បែបសម្ភាស រឿងបុរសចំណាស់រួមភេទជាមួយបុរសវ័យក្មេង ដោយប្រើប្រាស់ពាក្យអសុរស មក អប់រំរួចហើយ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានថ្លែង ពន្យល់អំពីសំណួរ ដែលតែងតែលើកឡើងថា «ហេតុអ្វីបានជាទាល់តែមានកំហុស ក្នុងការផលិត ចម្រៀង ឬវីដេអូ ទើបក្រសួងហៅផលិតករមកអប់រំ»?
ក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌ សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈវីដេអូខ្លី» កន្លងទៅនេះ លោកជំទាវរដ្ឋមន្ត្រី បានឱ្យដឹងថា បើសិនជាក្រសួងគ្រប់គ្រង ដល់ការផលិតទៀតនោះ វាប្រៀបបីដូចជាបិទសិទ្ធិ ផលិតករអញ្ចឹង។ មិនត្រឹមតែជាការប៉ះពាល់ដល់សិទ្ធិទេ តែការធ្វើបែបនេះ ក៏ជាសកម្មភាពមួយ ដែលបង្អាក់ដល់ការតែងនិពន្ធផ្នែកសិល្បៈផងដែរ។
បើតាមលោកជំទាវ ភឿង សកុណា ក្រសួងទុកសិទ្ធិឱ្យផលិតករ ជាអ្នកសម្រេចខ្លួនឯងក្នុងការផលិត តាមការស្រមើស្រម៉ៃរបស់ខ្លួន។ ស្នាដៃដែលចេញមក គឺជាអ្នកសម្រេចថា បើផលិតមានលក្ខណៈល្អ គឺផលិតករត្រូវបានគេឱ្យតម្លៃ តែបើផលិតមិនបានល្អ មហាជនក៏ចាត់ទុកថា ផលិតករគ្មានតម្លៃ គ្មាន គុណធម៌ និងសីលធម៌៕































