(ភ្នំពេញ)៖ អង្គការអន្តរជាតិភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា (PEMSEA) បានសម្រេចឯកភាពជាឯកច្ឆ័ន្ទជ្រើសតាំង លោក វ៉ាន់ មុនីនាថ បច្ចុប្បន្នជាអគ្គនាយកគោលន យោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ជាប្រធានក្រុមប្រឹក្សាអង្គការ PEMSEA។

ពិធីស្បថចូលកាន់តំណែងប្រធានក្រុមប្រឹក្សាអង្គការ PEMSEA របស់កម្ពុជា មានអាណត្តិ៣ ឆ្នាំ២០២២-២០២៥ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៤ ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Zoom នាថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យរបស់អង្គការ PEMSEA ក្នុងប្រទេស ហ្វីលីពីន។ កិច្ចប្រជុំនេះមានការចូលរួមពីបណ្តារដ្ឋសមាជិក មិនមែនសមាជិក អង្គការដៃគូអន្តរជាតិ និងស្ថាប័នគ្រឹះស្ថានស្រាវជ្រាវពាក់ព័ន្ធសរុបចំនួនជាង៥០នាក់ និងបានពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍វឌ្ឍនភាព ផែនការការងារ ថវិកា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដោយចីរភាព សម្រាប់សមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៣-២០២៧។
លោក វ៉ាន់ មុនីនាថ បានគូសបញ្ជាក់ថា ជោគជ័យអាចសម្រេចទៅបាន លុះត្រាតែមានកិច្ចសហ ប្រតិបត្តិការល្អ និងការប្តេជា្ញចិត្តរួមគ្នា ដើម្បីការពារ គ្រប់គ្រង និងស្តារឡើងវិញនូវធនធានសមុទ្រអា ស៊ីបូព៌ា សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។

បន្ថែមពីនេះលោកបានសម្ដែងការរីករាយ ក្នុងការធ្វើការជាមួយក្រុមការងារ PEMSEA និងបាន ប្តេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីអនុវត្តតួនាទី និងភារកិច្ចក្នុងនាមជាប្រធាន ក្រុមប្រឹក្សា និងដើម្បីបន្តបេសកកម្មថែរក្សាធនធានតំបន់ឆ្នេរ មហាសមុទ្រ សហគមន៍ និងសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងតំបន់សមុទ្រអាស៊ីបូព៌ា ឱ្យមាននិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាស ធាតុ៕
































