រដ្ឋមន្ត្រីក្រសួងការងារស្នើដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រសកម្មភាពសំខាន់ៗ ក្នុងវិស័យ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
(ភ្នំពេញ)៖ ឯកឧទ្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដៃគូ អភិវឌ្ឍន៍និងភាគីពាក់ព័ន្ធបន្តជួយគាំទ្រសកម្មភាពសំខាន់ៗរបស់ក្រសួងក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ពិសេសចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥។
ការស្នើបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៥របស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជី (TWG-TVET) នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

ឯកឧទ្តម រដ្ឋមន្ត្រី អ៊ិត សំហេង បានស្នើដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធបន្តជួយគាំទ្រសកម្មភាពសំ ខាន់ៗរបស់ក្រសួងក្នុងវិស័យ TVET ពិសេសការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥។
ឯកឧទ្តម ក៏បានស្នើឱ្យមានការអភិវឌ្ឍច្បាប់ TVET ការធ្វើឌីជីថលូបនីយកម្មវិស័យ TVET ឱ្យស្រប តាមតម្រូវការប្រើប្រាស់ទាំងគ្រឹះស្ថាន TVET វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ។
លោករដ្ឋមន្ត្រីបានស្នើឱ្យជួយគាំទ្រថវិកានិងបច្ចេកទេសក្នុងការរៀបចំសន្និសិទ TVET ក្នុងតំបន់ ASEAN ដែលនឹងរៀបចំឡើងនៅកម្ពុជានៅចុងឆ្នាំ២០២២នេះ។

លោកស្រី Nadia Ottiger នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និង ជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុម TWG-TVET បានវាយតម្លៃថា ពាក់ព័ន្ធនឹងការប្រើ ប្រាស់ប្រព័ន្ធជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ បច្ចុប្បន្ន មានគ្រឹះស្ថាន TVET ចំនួន៦០ កំពុងប្រើប្រាស់ មានគ្រូបច្ចេកទេសចំនួន១,៥០០នាក់ និងមាន សិក្ខាកាម សិស្ស និស្សិតចំនួន១០០,០០០នាក់កំពុងសិក្សា។
ក្រុមការងារ TWG-TVET បានរៀបចំវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ពិសេស (C1ពិសេស) ចំនួន៦,៥០០នាក់ នៅឆ្នាំ២០២១ ហើយក៏បាននិងកំពុងផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលC1ពិសេស សម្រាប់ឆ្នាំ២០២២បន្តទៀត លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ រួមមាន វិស័យសំណង់ អគ្គិសនី មេកានិក កម្មន្តសាល ធុរកិច្ច ព័ត៌មានវិទ្យា និងទេសចរណ៍ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ចំនួន៧,៥០០នាក់៕

































