កម្ពុជានឹងពិភាក្សាជាមួយថៃ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការដោះស្រាយ ករណីជួញដូរមនុស្ស រវាងប្រទេសទាំងពីរ


 (ភ្នំពេញ)៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ នៅប្រទេសថៃ ដើម្បីពិនិត្យឡើងវិញនូវ «នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រកពិសេស (VIP) នៅថ្ងៃ នេះ លោកជំទាវ ជូ ប៊ុនអេង បញ្ជាក់ថា គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា នឹងជួបប្រជុំជាមួយក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃរាជរដ្ឋា ភិបាលថៃ ស្តីពីស្តង់ដានៃនីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងប្រទេសទាំង ពីរ ខណៈដែលលោកស្រីរំពឹងថា ភាគីទាំងពីរអាចនឹងចុះហត្ថលេខាលើនីតិវិធីប្រតិបត្តិស្តង់ដា មួយនេះ ខាងមុខឆាប់ៗ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបន្ថែមថា ស្តង់ដារនៃនីតិវិធីប្រតិបត្តិនេះ នឹងក្លាយជាគោលការណ៍ ណែនាំដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយករណីជួញដូរមនុស្ស រវាងប្រទេសកម្ពុជានិង ថៃ។ លោកជំទាវ បានបន្តទៀតថា អាជ្ញាធរកម្ពុជានៅតែដាក់ចិត្ដដាក់កាយប្រយុទ្ធប្រឆាំងនឹងអំពើ ជួញដូរមនុស្ស ដើម្បីឲ្យប្រទេសកម្ពុជា ក្លាយជាទីតាំងដ៏មានសុខុដុមរមា មិនមានបញ្ហាឧក្រិដ្ឋកម្មដ៏ អាក្រក់បែបនេះ៕