ឥណ្ឌា បណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញកំហុសបាញ់មីស៉ីល ចូលក្នុងទឹកដីប៉ាគីស្ថាន


 (ញូដេលី)៖  យោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា កងទ័ពអាកាសឥណ្ឌា បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាល ទីក្រុងញូដេលី បានសម្រេចបណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញករណីបាញ់មីស៊ីលដោយ ចៃដន្យ ចូលទៅក្នុង ទឹកដីនៃប្រទេសប៉ាគីស្ថាន កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។

នាពេលកន្លងមក មន្រ្តីជំនាញខាងយោធាបានព្រមានពីហានិភ័យនៃគ្រោះថ្នាក់ ឬការគណនាខុស ដោយប្រទេសជិតខាង ដែលធ្លាប់បានបង្កជាសង្រ្គាម ចំនួនបីលើក និងការប៉ះទង្គិចប្រដាប់អាវុធ ជាច្រើនសារ នៅឯតំបន់ជម្លោះកាស្មៀរ (Kashmir)។ នៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌា បានឲ្យដឹងថា តុលាការបានបើកស៉ើបអង្កេត លើអង្គហេតុនៃសំណុំរឿងនេះ រួមទាំងការវែកញែករកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ហើយបាន រកឃើញថា ដោយសារតែការធ្វេសប្រហែសក្នុងការអនុវត្តនីតិវិធីប្រតិបត្តិ តាមស្តង់ដារ នៃមន្រ្តី ៣នាក់ ទើបនាំឲ្យមានការបាញ់មីស៉ីលដោយចៃដន្យនេះ។ ដូច្នេះរដ្ឋាភិបាលឥណ្ឌា បាន សម្រេចបណ្តេញមន្រ្តីទាំង ៣រូបនេះចេញ នៅថ្ងៃអង្គារសប្តាហ៍នេះ៕