(កំពង់ធំ)៖ ស្របពេលដែលមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនមេ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ដែល ធ្វើឲ្យទឹកស្ទឹងសែនបន្តហក់ឡើងជាបន្តបន្ទាប់ រហូតដល់ការប្រកាសអាសន្ន បណ្ដាលឱ្យលិចលង់ ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ ចំនួន ៣.៣៥០ហិកតា និងខូចខាតហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់មួយចំនួន ប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់ពលរដ្ឋ និងផ្ទះសម្បែងនៅឡើយទេ។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះ ត្រួតពិនិត្យស្ថានភាពដំណាំស្រូវ របស់ពលរដ្ឋប្រមាណ ១០៥ហិចតា នៅសង្កាត់ព្រៃអូរគន្ធរ ក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។
ទន្ទឹមនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដាន ពីស្ថានភាពទឹកជំនន់ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពស្រូវលិចទឹករបស់ប្រជានប្រជាពលរដ្ឋ ដើម្បីស្នើសុំពូជស្រូវ សម្រាប់បង្កបង្កើនផលនៅពេលទឹកស្រកទៅវិញ ព្រមទាំងបន្តផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ ពេលវេលា ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមាន សុវត្ថិភាព គ្រាទឹកជំនន់បន្តហក់ឡើង ដល់ចំណុចប្រកាសអាសន្ននេះ។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នចំពោះទឹក ជំនន់នេះ ដែលធ្វើឱ្យមានការបាត់បង់អាយុជីវិត ឬក៏ខូចខាតទ្រព្យសម្បត្តិ៕
































