(បែរឡាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ បានអោយដឹងថា អគ្គមេបញ្ជាការកងទ័ពអាល្លឺម៉ង់ លោក អេបែរហាដ ហ្សន (Eberhard Zorn) បាននិយាយថាអាល្លឺម៉ង់នឹងបង្កើនវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក តាមរយៈការបញ្ជូននាវាចម្បាំងកាន់តែច្រើន និងចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាមួយ សម្ព័ន្ធមិត្ត ខណៈកំពុងតាមឃ្លាំមើលសកម្មភាពយោធាចិន។

អាល្លឺម៉ង់ បាន និងកំពុងចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បង្ហាញសាច់ដុំយោធានៅក្នុងតំបន់ នៅចំពោះមុខ ការកើនឡើងឥទ្ធិពលយោធាចិន។ កាលពីឆ្នាំ២០២១ ទីក្រុងបែរឡាំង បានបញ្ជូននាវាចម្បាំងជាលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំ ចុងក្រោយនេះ ទៅកាន់តំបន់ដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង និងកាលពីខែសីហាថ្មីៗ នេះបានបញ្ជូននាវាចម្បាំង ១៣គ្រឿងឱ្យទៅចូលរួមធ្វើសមយុទ្ធយោធា ក្នុងប្រទេសអូស្ត្រាលី។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធសប្ដាហ៍នេះ លោក អេបែរហាដ ហ្សន បានឱ្យ ដឹងថាយោធាអាល្លឺម៉ង់មានផែនការបញ្ជូនកងទ័ព កាន់តែច្រើន ចូលរួមក្នុងការធ្វើសមយុទ្ធយោធា បណ្ដុះបណ្ដាលនៅអូស្ត្រាលី នៅឆ្នាំ២០២៣។ ចំណែកឯ កងទ័ពជើងទឹកនឹងបញ្ជូនកងនាវាចម្បាំង មួយក្រុម ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅឆ្នាំ២០២៤។ បើតាមលោក ហ្សន នេះគឺជាបង្ហាញយ៉ាង ច្បាស់ពីចេតនារបស់អាល្លឺម៉ង់ក្នុងការបង្កើនវត្តមាន យោធានៅក្នុងតំបន់នេះ៕
































