(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ជាលើក ទី៣នៅថ្ងៃនេះ ខណៈភាគីនយោជក និងតំណាងកម្មករកាន់តែឃិតជិតគ្នា។

សេចក្តីប្រកាសបានបញ្ជាក់ថា ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន ៣លើក ភាគីតំណាងកម្មករ និយោជិតបានបន្ថយតួលេខពីចំនួន ២១៥ដុល្លារអាមេរិក មកតួលេខ ២១៣ដុល្លារអាមេរិក ជាមូល ដ្ឋានក្នុងការចរចាថ្ងៃនេះ។ ក្រោយការប្រជុំផ្ទៃក្នុងចំនួន ២លើក ភាគីនិយោជកក៏បានដំឡើងតួលេខ ពីចំនួន ១៩៤ដុល្លារអាម៉េរិក ទៅតួលេខ ១៩៦ដុល្លារអាមេរិក ជាមូលដ្ឋានក្នុងការចរចាថ្ងៃនេះដែរ។ ភាគីទាំងពីរបានបន្តពន្យល់ និងការពារគោលជំហររបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។
នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ភាគីរាជរដ្ឋាភិបាលក៏បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់ បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោ ជកផងដែរ។ តាមលក្ខណបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណវិនិច្ឆ័យទាំង៧ ដែលជា មូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរមានោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាបានគណនាឃើញថាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ១៩៧.៨៦ ដុល្លារអាមេរិក។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណត្រីភាគីបន្តទៀត នៅម៉ោង ២:៣០នាទី រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅម៉ោង ២:៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២៕
































