ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួប រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយប្រតិភូ វិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា

 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុម ហ៊ុនជាដៃគូនៅកម្ពុជា ចំនួនប្រមាណ ១៥០រូប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហ-ប្រតិ បត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងស្វែងយល់ពីសក្តា នុពលនៅប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទទួលបានបញ្ជាក់ថា នេះជាផ្នែកមួយនៃការ អនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ហើយបេសកកម្មធុរកិច្ចម៉ាឡេស៊ីនេះ គឺ ជាបេសកកម្មធុរកិច្ចលើកទី២ មកកាន់កម្ពុជាផងដែរ បន្ទាប់ពីភាពជោគជ័យនៃបេសកកម្មធុរកិច្ច លើកទី១ របស់ប្រតិភូម៉ាឡេស៊ី ពីសហគ្រាស ធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងសម្តែងក្តីសោមនស្សរីករាយ ដែលកម្មវិធីនេះប្រព្រឹត្តិឡើងចំថ្ងៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី ស្របពេលឆ្នាំ ២០២២នេះ ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយុទ្ធ សាស្រ្តការទូតសេដ្ឋកិច្ច របស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ីផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ច ម៉ាឡេស៊ីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាទ្បេស៉ីចំពោះតថភាពសេដ្ឋកិច្ច ស្ថិរភាពនយោយបាយ និងយុទ្ធសាស្រ្តស្តារសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា-ម៉ាឡេស៊ី និងបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៉ីពិចារណាវិនិយោគលើវិស័យប្រកបដោយ សក្តានុភាពផ្សេងទៀត រួមមាន កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ៕