(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាអ្នកនយោបាយវ័យ ក្មេងមួយរូបរបស់គណបក្សប្រជាជនកម្ពុជាបានចាត់ទុកការវិភាគរបស់អ្នកវិភាគរត់ចោលស្រុកលើរឿងដណ្តើមតំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត រវាងរូបឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបងប្រុសបង្កើតនោះ គ្រាន់តែជាចេតនាបំបែកបំបាក់ផ្ទៃក្នុងគ្រួសារ និងគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ។ លោក ហ៊ុន ម៉ានី ថែមទាំងមើលឃើញទៀតថា ការវិភាគនេះជាការផិតភ័យរបស់ក្រុម ប្រឆាំង ចំពោះរឹងមាំមិនអាចបំបែកបានរបស់គណបក្សប្រជាជនកម្ពុជា។
ការគូសបញ្ជាក់ថា របស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីអ្នកវិភាគរត់ចោលស្រុកតាមរយៈ បណ្តាញព័ត៌មានបម្រើប្រយោជន៍បរទេស បានវិភាគបែបញុះញង់ក្នុងចេតនាទុច្ចរិត ដោយលើក ឡើងថា ឯកឧត្តម ហ៊ុន ម៉ានី កំពុងប្រជែងប្រជាប្រិយភាព ដើម្បីឆ្ពោះទៅដណ្តើមតំណែងនាយក រដ្ឋមន្ត្រីនាពេលអនាគត ជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបងប្រុសបង្កើតរបស់ខ្លួន។

ភ្ជាប់ជាមួយរូបភាពរំលេចខ្លឹមសារនៃការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើ ការវិភាគនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះយ៉ាងដូច្នេះ «កន្លងមក ខ្ញុំសង្កេតថាឃើញមានការបកស្រាយ និងបទវិភាគជាបន្ត បន្ទាប់ស្តីពីខ្ញុំ និងបងម៉ាណែត ដែលការវិភាគទាំងនោះ មានចេតនាអុចអាល និងញុះញង់។ ជួនពេលខ្លះ ក៏ជាការវិភាគដែលគួរឱ្យអស់សំណើចទៅទៀតផង»។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា «ដូចអ្វីដែលពុក បានលើកឡើងកាលពីព្រឹកមិញ ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសថ្មី ខ្ញុំសូមជម្រាបថា ខ្ញុំ និងបងណែត និងក្រុមគ្រួសារយើងទាំងអស់គ្នា យល់ ច្បាស់ណាស់ពីចារិកនៃការបកស្រាយ និងបទវិភាគក្នុងចេតនាបំបែកបំបាក់ទាំងនោះ ហើយយើង អរគុណទៅវិញទេ ដែលការវិភាគទាំងនោះ បានក្លាយទៅជាមូលដ្ឋានសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀតសម្រាប់ក្រុមគ្រួសាររបស់យើង»។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានគូសរំលេចទៀតថា ដូចអ្វីដែលលោកធ្លាប់បានបកស្រាយជាសាធារណៈ និងជាបន្តបន្ទាប់កន្លងមកហើយថា រូបលោកគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី នាពេលអនាគត បន្តពីសម្តេចតេជោ ហ៊ុន សែន។ ការគាំទ្រនេះ មិនត្រឹមតែស្តែងចេញពីការលើកឡើងរបស់លោកជាហូរហែប៉ុណ្ណោះទេ តែក៏ស្តែងចេញតាមទង្វើ ទាំងឡាយដែលលោក បាននិងកំពុងធ្វើនាពេលកន្លងមកផងដែរ។
អ្នកនយោបាយវ័យក្មេង និងមានប្រជាប្រិយភាពមួយរូបក្នុងចង្កោមយុវជនដែរនោះ បានបន្ថែមថា លើសពីក្នុងក្របខណ្ឌក្រុមគ្រួសារ ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងអស់ នាពេលកន្លងមក និងជាបន្តបន្ទាប់ ក៏បានបង្ហាញការគាំទ្រចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែតផងដែរ។
កូនប្រុសពៅ ក្នុងចំណោមបងប្អូនប្រុស៣នាក់ របស់សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកការវិភាគ និងការបកស្រាយទាំងឡាយរបស់អ្នកវិភាគរត់ចោលស្រុក គ្រាន់តែជាការ បង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពផិតភ័យរបស់ក្រុមអ្នកវិភាគទាំងនោះ ចំពោះកម្លាំងសាមគ្គីភាព ដ៏រឹងមាំនៃថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា ក៏បាន បង្ហាញការប្រតិកម្មលើការវិភាគនេះផងដែរ។
ពីលើវេទិកាបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំសូមផ្តាំទៅវិញ បើគ្រួសាររបស់លោកអ៊ីចឹង ឯកឧត្តម កុំគិតថាគ្រួសាររបស់ខ្ញុំ ដូចគ្រួសាររបស់លោក ព្រោះគ្រាន់តែប្រពន្ធក៏លោកបានលែងលះគ្នាដែរ សូម្បីតែប្រពន្ធរបស់លោកមិនត្រូវផង តើលោកមានរឿងអីត្រូវជាមួយខ្ញុំ។ បើគ្រួសាររបស់លោកស្មោគគ្រោកចេះច្រណែនគ្នារវាងបងប្អូន ប្រពន្ធ ប្តី អាហ្នឹងរឿងគ្រឿងគ្រួសារ ឯកឧត្តម តែគ្រួសារខ្ញុំផ្សេង កូនរបស់ខ្ញុំ ចៅរបស់ខ្ញុំ ខ្ញុំកម្រិតត្រឹមតែចៅរបស់ខ្ញុំទៅចុះ បងប្អូនគេ មានឋានានុក្រមរបស់គេ ស្តាប់បងរបស់គេណាស់ គេគ្មានមហិច្ឆតាដើម្បីធ្វើនាយករដ្ឋមន្ត្រីជំនួស បងរបស់គេ…!»។
សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែល ក្មេងជាងគេ ត្រូវបានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះ ឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ លទ្ធផលនេះ បាននាំឱ្យមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់ជាន់ ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា៕































