លោក ចូ បៃដិន ប្រាប់អ៉ីស្រាអែល ថាសហរដ្ឋអាមេរិក នឹងមិនបណ្ដោយឱ្យអ៉ីរ៉ង់កាន់កាប់អាវុធនុយ ក្លេអ៊ែរ ដាច់ខាត

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក យែរ ឡាភីដ (Yair Lapid) នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងមិន បណ្ដោយឱ្យអ៊ីរ៉ង់ ផលិតបាន ឬកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត ក្នុងបរិបទដែលការស្ដារឡើង វិញនូវកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។

អ៊ីស្រាអែល បានបង្ហាញការជំទាស់ទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ តាំងតែពីត្រូវបានបង្កើត ឡើងកាលពីឆ្នាំ២០១៥មកម្ល៉េះ។ កិច្ចព្រមព្រៀងនេះបានរឹតត្បិត លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជា ជាតិពីទីក្រុង តេហេរ៉ង់។ អ៊ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់ ដូចជាអារ៉ាប៊ីសាអូឌីត យល់ថានេះ ជាជំហរទន់ភ្លន់ពេកចំពោះអ៊ីរ៉ង់ ដែលពួកគេចោទថានៅតែបន្តអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែរ ហើយជាការគាំទ្រអ៉ីស្រាអែល អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋ អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្មឡើងវិញលើ អ៊ីរ៉ង់។

ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យានាំសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញ ព្រោះលោកជឿថាវាជាមធ្យោបាយមួយ ក្នុងការទប់ស្កាត់កុំឱ្យអ៊ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ។ យ៉ាងណាក៏ដោយ បើតាមសេតវិមាន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក យែរ ឡាភីដ លោក បៃដិន បានសន្យាជាថ្មីថាសហរដ្ឋអាមេរិកនឹង មិនបណ្ដោយឱ្យអ៊ីរ៉ង់កាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត។ «លោកប្រធានាធិបតី បៃដិន បាន បង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលនឹងមិនបណ្ដោយឱ្យអ៊ីរ៉ង់ផលិតបាន ឬកាន់កាប់ អាវុធនុយក្លេអ៊ែរជាដាច់ខាត»។ នេះជាការបញ្ជាក់យ៉ាងខ្លី របស់សេតវិមាន ជាមួយការបន្ថែមថា លោក បៃដិន និងលោក ឡាភីដ ក៏បានពិភាក្សាពីការគំរាមកំហែងនានាបង្កឡើងដោយអ៊ីរ៉ង់ផង ដែរ៕