(ប្រាក)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា រដ្ឋមន្រ្តីការបរទេសអេស្តូនី លោក អួរម៉ាស រ៉េនសាលូ (Urmas Reinsalu) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អេស្តូនីមានបំណងហាមឃាត់មិនឲ្យ ពលរដ្ឋរុស្ស៉ី ភាគច្រើនចូលក្នុងប្រទេសរបស់ខ្លួនឡើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប្រសិនបើអាចធ្វើ ទៅបានជាមួយប្រទេសជិតខាងផ្សេងទៀត។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប រយៈពេល ២ថ្ងៃ លោក រ៉េនសាលូ បានប្រាប់ Reuters នៅឯទីក្រុងប្រាកយ៉ាងដូច្នេះថា «វាត្រូវចំណាយពេលខ្លះ ប៉ុន្តែខ្ញុំគិតថាពេលវេលានេះ ក៏សំខាន់ផងដែរ បើយើងសម្លឹងមើលលើចំនួនដ៏ច្រើននៃពលរដ្ឋរុស្ស៉ី ដែលកំពុងចូលមកក្នុងតំបន់ របស់យើង»។ បើតាមលោក រ៉េនសាលូ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ មានពលរដ្ឋរុស្ស៉ីចំនួន ៣០០,០០០នាក់ បានទៅដល់ប្រទេសអេស្តូនី ដែលនាំឲ្យរដ្ឋាភិបាលពិចារណាកាត់បន្ថយ លំហូរ ដ៏ច្រើននេះ។

បើទោះបីជាកិច្ចប្រជុំខាងលើ មិនបានសម្រេចហាមឃាត់ទិដ្ឋាការលើពលរដ្ឋរុស្ស៉ីក៏ដោយ ប៉ុន្តែ អ៊ុយក្រែន និងរដ្ឋជាសមាជិកផ្សេងទៀតនៅតែបន្តអំពាវនាវឲ្យ ធ្វើដូចនេះ។ ជាក់ស្តែង លោក រ៉េនសាលូ បាននិយាយថា សម្រាប់អេស្តូនី នឹងដោះស្រាយបញ្ហាក្នុងតំបន់របស់ខ្លួន តាមរយៈកិច្ច សហប្រតិបត្តិការ និងផ្អែកលើ មូលដ្ឋានសន្តិសុខជាតិរបស់ខ្លួន។ អេស្តូនី មានបំណងហាមឃាត់ ទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ក្រោមហេតុផលសន្តិសុខ មិនថាពួកគេមានទិដ្ឋាការទេសចរណ៍ ដែល ចេញដោយអាជ្ញាធរអេស្តូនី ឬប្រទេសដ៏ទៃឡើយ ពោលគឺសំដៅទៅដល់ជនជាតិរុស្ស៉ីដែលចូលមក ក្នុងប្រទេស តាមច្រកព្រំដែនសហភាពអឺរ៉ុប៕































