គុយបា កោតសរសើរកម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលដោះស្រាយបញ្ហាប្រឈមនានាជាមួយនឹង «ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ»


 (ភ្នំពេញ)៖ រដ្ឋាភិបាលគុយបា បានកោតសរសើរចំពោះកម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលដោះ ស្រាយបញ្ហាប្រឈមនានាជាមួយនឹង «ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ»។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។

ការសម្តែងការកោតសរសើរនេះ បានធ្វើឡើង នៅក្នុងជំនួបនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្នុង ឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានពិភាក្សាការងារជាមួយ លោកGerardo Geñalver Portal អនុរដ្ឋមន្រ្តីការបរទេស ទី១ នៃសាធារណរដ្ឋគុយបា អំពីការត្រៀមរៀបចំសម្រាប់ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាង ប្រទេសទាំងពីរនាពេលខាងមុខនេះ ជាមួយក្តីរំពឹងទុកយ៉ាង មុតមាំថា ការផ្លាស់ប្តូរទស្សនកិច្ចជា ប្រវត្តិសាស្រ្តនេះ អាចនឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគី។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអនុរដ្ឋមន្រ្តីការបរទេសទី១ Gerardo Geñalver Portal ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ ចំពោះមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ និងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេស នៅក្នុងវិស័យសុខាភិបាល អប់រំ និងកីឡា និងបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងពង្រឹងកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យទាំងនេះបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការ ផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីដែលនៅមានទំហំតូចនៅឡើយ ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យកិច្ច ប្រជុំពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ រិះរកវិធីនិងមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគបន្ថែម ទៀត។

លោក Gerardo Penalver Portal បានកោតសរសើរចំពោះជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបដោយសម្តែងនូវចំណាប់អារម្មណ៍ចំពោះកម្លាំងសេដ្ឋ កិច្ច របស់ប្រទេសគុយបា។ ទាំង លោកឧបនាយករដ្ឋមន្ត្រី និងលោកអនុរដ្ឋមន្ត្រីការបរទេសទី១ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ រវាងប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោក Gerardo Penalver Portal បានពិភាក្សាអំពីកិច្ច សហប្រតិបត្តិ ការរវាងអាស៊ាន និងគុយបា ផងដែរ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះការ ចូលរួម របស់ គុយបាក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅឆ្នាំ២០២០។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរាបជូនភ្ញៀវអំពីបញ្ហាក្តៅ និងការប្រឈមនានា ដែលកម្ពុជាបាននិង កំពុងប្រឈមក្នុងនាមប្រធានអាស៊ានប្តូរវេន។ លោកGerardo Penalver Portal បានអបអរសាទរ ចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរកម្ពុជា សម្រាប់ការដោះស្រាយការ ប្រឈមទាំងនោះជាមួយនឹង «ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកអនុរដ្ឋមន្ត្រីការបរទេសទី១ Gerardo Peñalver Portal ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់ អារម្មណ៍រួម និងមានការប្តេជ្ញាចិត្តរួមគ្នា បន្តការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាត៕