(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់អាទិភាពលើគម្រោងជាច្រើន ដើម្បី អភិវឌ្ឍវិស័យ ដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក គម្រោងអភិវឌ្ឍន៍វិស័យកំពង់ ផែ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការដឹកជញ្ជូន និងភស្តុភារកម្ម។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាព ជាដៃ គូសហប្រតិបត្តិការ អាស៊ានក្រោមប្រធានបទ៖ «ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនអាស៊ាន ដើម្បីជំរុញវិស័យ ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងតំបន់» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh។

បន្ថែមពីលើនេះឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់ទំនាក់ទំនង តំបន់ អាស៊ាន ដែលរួមមានទាំងទំនាក់ទំនងរូបវន្ត ទំនាក់ទំនងរវាងស្ថាប័ន និងស្ថាប័ន ក៏ដូចជា ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ដើម្បីសម្រេចបាននូវសសរស្តម្ភសេដ្ឋកិច្ច សន្តិសុខ នយោបាយ និងវប្បធម៌ សង្គមនៃសហគមន៍អាស៊ាន និងបានបន្ថែមទៀតថា ការលើកកម្ពស់ការត ភ្ជាប់វិស័យ ដឹកជញ្ជូនអាស៊ាន មិនត្រឹមតែរួមចំណែកជាមួយសមាគមអាស៊ានក្នុងការរឹតបន្តឹង និង ការភ្ជាប់ទំនាក់ទំនងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សមាជិកសមាគមអាស៊ានទាំងអស់ ក្នុង ការលើកកម្ពស់ វិស័យពាណិជ្ជកម្ម និងការ វិនិយោគក្នុងតំបន់ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីផែនការមេ និងកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌអាស៊ាន ជាច្រើនដែលបានចុះហត្ថលេខា និងជាពិសេសគឺ កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវ អាកាសដ៏ ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (AE-CATA) គ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខ ពោលគឺសំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់ វិស័យដឹកជញ្ជូនក្នុងតំបន់អាស៊ាន និងបង្កើតបានជាបណ្តាញដឹកជញ្ជូនអន្តរទំនាក់ទំនង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានចង្អុលបង្ហាញនូវកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនពិចារណា និងងាកមក វិនិយោគនៅ កម្ពុជាឱ្យបានច្រើន។ ក្នុងន័យនេះឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការ បញ្ជាក់របស់ធនាគារពិភពលោកថា កម្ពុជាមានរបបវិនិយោគសេរីបំផុតក្នុងតំបន់អាស៊ាន ហើយដើរ តួជាអ្នកសម្របសម្រួលនិងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើការវិនិយោគរបស់វិស័យឯកជនដើម្បីធានាបានថា វិស័យឯកជននឹងទទួលភាពជោគជ័យ ព្រោះថាជោគជ័យរបស់វិស័យឯកជន គឺជាភាព ជោគជ័យរបស់ រាជរដ្ឋាភិបាលនាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន សំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក Tan Sri Michael Yeoh ស្ថាបនិក និងជាប្រធានវេទិកាភាពជាអ្នក ដឹកនាំ និងភាពជាដៃគូអាស៊ាន (ALPF) និងជាប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំ និងអញ្ជើញ រូបឯកឧត្តម ផ្ទាល់ ចូលរួមក្នុងព្រឹត្តិការណ៍ នេះផងដែរ៕

































