សម្តេចតេជោ ហ៊ុន សែន ស្នើគណបក្សដទៃកុំប្រើរឿងដោះស្រាយបញ្ហា នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីកេងចំណេញនយោបាយ


(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានស្នើដល់គណបក្សនយោបាយដទៃទៀត កុំប្រើរឿង ដោះស្រាយបញ្ហានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីកេងចំណេញផ្នែកនយោបាយ។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដោះស្រាយបញ្ហានេះ គឺជាតម្រូវការរបស់ជាតិ។

ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ក៏ព្រោះតែគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ធ្លាប់ណែនាំប្រជាពលរដ្ឋ ១៨គ្រួសារ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា នៅតំបន់រមណីយដ្ឋានអង្គរ មិនឲ្យរើចេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា សកម្មភាពដើម្បីផលប្រយោជន៍ របស់ គណបក្សមួយនេះនៅពេលនោះ ប្រៀបបាននឹងការហាមឃាត់មិនឲ្យប្រជាពលរដ្ឋ ទទួលបានផល ប្រយោជន៍ ពីការដោះស្រាយបញ្ហារបស់ជាតិ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំគ្រាន់តែជម្រាបជូន នេះជាកម្មវិធី ដោះស្រាយបញ្ហារបស់ជាតិ មិនមែនដោះស្រាយបញ្ហារបស់គណបក្ស ហើយបង្កឲ្យបក្សដទៃធ្វើជា អាវុធទេ។ ក្នុងចំណោមបងប្អូន ៥៩៤គ្រួសារ កាលមុន ១៨គ្រួសរ អត់ព្រមចេញ ដែលគាំពារដោយ គណបក្សយុវជន របស់ឯកឧត្តម ពេជ្រ ស្រស់។ បានខ្ញុំប្រាប់ទៅគាត់ថា ឈប់ ឯកឧត្តមឈប់ ព្រោះ រឿងនេះមិនមែនជារឿងទាក់ទិននយោបាយទេ តែជារឿងរៀបចំសណ្តាប់ធ្នាប់ នៅក្នុងតំបន់សៀម រាប»

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់គណបក្សដទៃទៀត កុំយកការដោះស្រាយបញ្ហានៅតំបន់ រមណីយដ្ឋានអង្គរ ធ្វើជាអាវុធវាយប្រហារគណបក្សប្រជាជនកម្ពុជាឡើយ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរ ក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូច ជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពី អង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោកព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនា ថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២៕