រដ្ឋមន្រ្តីការពារជាតិអ៊ីសា្រអែល លើកឡើងថា អ៊ីរ៉ង់កំពុងប្រើរោងចក្រ ក្នុងប្រទេសស៊ីរី ដើម្បី ផលិតមីស៊ីល


 (ហ្សេរុយសាឡិម)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ គឺ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក បេននី ហ្គាន់ស៍ (Benny Gantz) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៊ីរ៉ង់បានប្រើប្រាស់ រោងចក្រយោធាជាង ១០ កន្លែងក្នុងប្រទេសស៊ីរី ដើម្បីផលិតមីស៊ីល និងអាវុធទំនើបៗ។

ថ្លែងក្នុងសន្និសីទមួយនៅទីក្រុងញូវយ៉ក លោក ហ្គាន់ស៍ បានបង្ហាញផែនទីនៃរោងចក្រយោធាមួយ ដែលលោកអះអាងថាជាមជ្ឈមណ្ឌល CERS ដែលជា ទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលស៊ីរី ទទួល បន្ទុកកិច្ចការផលិតមីស៊ីល និងអាវុធ សម្រាប់អ៊ីរ៉ង់។

លោក ហ្គាន់ស៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីរ៉ង់បានកែប្រែមជ្ឈមណ្ឌលមួយនេះ ឱ្យទៅជា កន្លែងសម្រាប់ផលិតមីស៉ីល និងអាវុធរយៈចម្ងាយមធ្យម រយៈចម្ងាយឆ្ងាយ និងជាក់លាក់ ដែលត្រូវ ផ្តល់ទៅឲ្យក្រុមហេសបូឡា និងកងជីវពលស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់ ឬអាចនិយាយម្យ៉ាងទៀតបានថា មានតួនាទីផលិតអាវុធយុទ្ធសាស្ត្រទំនើប»