(រីយ៉ូ ឌឺ ហ្សានេរ៉ូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ គឺ ប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro) បាននិយាយថាលោកនឹងចូលនិវត្តន៍ពីនយោបាយ ប្រសិនបើលោក ចាញ់នៅក្នុងការបោះឆ្នោត ប្រធានាធិបតី នៅខែតុលាខាងមុខនេះ។

លោក បុលសូណារ៉ូ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ដាសន៍មួយកាលពីថ្ងៃចន្ទដើម សប្ដាហ៍កន្លងទៅនេះ និងចំពេលការស្ទង់មតិបង្ហាញថាអតីតប្រធានាធិបតី ប្រេស៊ីល លោក លូឡា ដា ស៊ីលវ៉ា កំពុងមានសំឡេងគាំទ្រនាំមុខរូបលោក នៅមុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២ ខែតុលាចូលមកដល់។ លោក បុលសូណារ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើវាជាការចង់ បានរបស់ព្រះជាម្ចាស់ ខ្ញុំនឹងបន្តកាន់តំណែងជាប្រធានាធិបតី ប៉ុន្តែបើមិនមែនទេ នោះខ្ញុំនឹងចូល និវត្តន៍»។
គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់លោក បុលសូណារ៉ូ មានអាយុ ៦៧ឆ្នាំ គឺជាការផ្លាស់ប្ដូរ មួយ ព្រោះកន្លងមកលោកផ្ទាល់បាននិយាយថាលទ្ធផលបោះឆ្នោត សម្រាប់រូបលោកមានតែ៣គត់ គឺជាប់គុក ស្លាប់ ឬឈ្នះ តែប៉ុណ្ណោះ៕
































