លោក ពូទីន ប្រកាសចល័តទ័ពមប្រុងចំនួន ៣០០,០០០នាក់ ដើម្បីត្រៀមប្រយុទ្ធនៅអ៊ុយក្រែន

 (ឡុងដ៍)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ ២០២២ អោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានកោះហៅទាហាន បម្រុងចំនួន ៣០០,០០០នាក់ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងមូស្គូនឹង ឆ្លើយតបជាមួយនឹងកម្លាំង នៃឃ្លាំងអាវុធដ៏ធំរបស់ខ្លួន ប្រសិនបើលោកខាងលិចបន្តនូវអ្វីដែលលោក ហៅថា «ការគំរាមកំហែងនុយក្លេអ៊ែរ» ជុំវិញជម្លោះនៅទីនោះ។

នេះជាការចល័តទ័ពធំលើកដំបូង របស់រុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលជាការកើន ឡើងយ៉ាងខ្លាំងក្នុងសង្គ្រាម ដែលឥឡូវនេះក្នុងខែទីប្រាំពីរហើយ។

ការចល័តនេះបានធ្វើឡើង ក្រោយពីការបរាជ័យនាពេលថ្មីៗនេះសម្រាប់កងទ័ពរុស្ស៊ី ដែលត្រូវ បានបណ្តេញចេញពីតំបន់ ដែលពួកគេកាន់កាប់នៅភាគឦសានអ៊ុយក្រែន ក្នុងការវាយលុករបស់ អ៊ុយក្រែនក្នុងខែនេះ ហើយបានជាប់គាំងនៅភាគខាងត្បូង។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ទៅកាន់ប្រជាជាតិរុស្ស៊ី លោក ពូទីន បាននិយាយថា «ប្រសិនបើ បូរណភាពទឹកដីនៃប្រទេសរបស់យើង ត្រូវបានគំរាមកំហែង យើងនឹងប្រើគ្រប់មធ្យោបាយដែលមាន ដើម្បីការពារប្រជាជនរបស់យើង នេះមិនមែនជាការបំភាន់ច្រលំទេ»។ លោកបានបន្ថែមថា រុស្ស៊ី មានអាវុធជាច្រើនដើម្បីឆ្លើយតប។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ថា ការចល័តដោយផ្នែក នឹងមានទាហានបម្រុងចំនួន ៣០០,០០០នាក់ត្រូវបានកោះហៅ ហើយនឹងអនុវត្តចំពោះអ្នកដែលមានបទពិសោធន៍យោធាពី មុនមក៕