(សិង្ហបុរី)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បញ្ជាក់អោយដឹងថាការនាំចូលប្រេងឆៅរបស់ ប្រទេសចិនពីប្រទេសរុស្ស៊ីក្នុងខែសីហាបានកើនឡើង ២៨ភាគរយធៀបនឹងរយៈពេលដូចគ្នានៅ ឆ្នាំមុនប៉ុន្តែចំណាត់ថ្នាក់នាំចេញច្រើនជាងគេទៅកាន់ប្រទេសចិនបានវិលត្រលប់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតវិញជាលើកដំបូងក្នុងរយៈពេល ៤ខែ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់រដ្ឋបាលគយចិនថា ការ នាំចូលប្រេងរបស់រុស្ស៊ីរួមទាំងការផ្គត់ផ្គង់តាមបំពង់បង្ហូរប្រេងនៅមហាសមុទ្រប៉ាស៊ីហ្វិកស៊ីបេរីខាងកើត និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប និងចុងបូព៌ារបស់រុស្ស៊ី មានចំនួនសរុប ៨,៣៤២ លានតោន។ បរិមាណនេះស្មើនឹង ១,៩៦លានបារ៉ែលក្នុងមួយថ្ងៃ (bpd) គឺទាបជាងកំណត់ត្រា ខ្ពស់បំផុតដែលធ្លាប់កើតមាននៅខែឧសភាដែលមានបរិមាណជិត ២លានបារ៉ែលក្នុងមួយថ្ងៃ។ ចិនជាប្រទេសទិញប្រេងធំបំផុតរបស់រុស្ស៊ី។

ការនាំចេញប្រេងរបស់រុស្សីទៅកាន់ប្រទេសចិនបានកើនឡើង នៅពេលដែលក្រុមហ៊ុនចម្រាញ់ ឯករាជ្យរបស់ចិនបានពង្រីកការទិញប្រេងពីរុស្ស៊ីដែលទទួលបានការបញ្ចុះតម្លៃ ដែលងាកចេញពី ប្រេងដែលនាំចូលពីអាហ្វ្រិកខាងលិច និងប្រេស៊ីល។
ការទិញប្រេងឆៅរបស់ប្រទេសចិនបានកើនឡើងដើម្បីទាញយកផលប្រយោជន៍ពីការធ្លាក់ចុះការទិញប្រេងរុស្ស៊ីពីសំណាក់ប្រទេសនៅអឺរ៉ុប នៅពេលដែលទីក្រុងប៉េកាំងត្រូវការប្រេងខ្លាំងបំផុត ខណៈ ដែលវិបត្តិអ៊ុយក្រែនបានរុញច្រានទីក្រុងម៉ូស្គូឱ្យស្វែងរកទីផ្សារជំនួសទីផ្សារលោកខាងលិចដែលឈប់ទិញប្រេងរបស់ខ្លួន។
ទោះយ៉ាងណា ការនាំចូលប្រេងឆៅពីអារ៉ាប៊ីសាអូឌីតបានស្ទុះងើបឡើងវិញកាលពីខែមុនដល់ ៨,៤៧៥លានតោន ឬ ១,៩៩លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺកើនឡើង ៥ ភាគរយធៀបនឹង បរិមាណដែលបាននាំចូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អារ៉ាប៊ីសាអូឌីតនៅតែជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតដដែលបើគីតពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយ បាននាំចូលចំនួន ៥៨,៣១លានតោនគិតចាប់ពីខែមករាដល់ខែសីហា ធ្លាក់ចុះ ០,៣ភាគរយធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រេងដែលនាំចូលពីរុស្ស៊ីមានចំនួន ៥៥,៧៩លាន តោនកើនឡើង ៧,៣ ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕
































