(តូក្យូ)៖ តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រាប់អោយដឹងថា មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ជប៉ុនមួយរូបបានឱ្យដឹងថាប្រទេសជប៉ុនត្រូវការកញ្ចប់ចំណាយថ្មីមួយដែលមានទឹកប្រាក់យ៉ាងហោចណាស់ ១០៥ ពាន់លានដុល្លារ។
ការលើកឡើងរបស់លោកបានធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីសមាជិកសភាជប៉ុនមួយ ក្រុមបានអំពាវនាវឱ្យមានការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពី ការកើនឡើងអតិផរណា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Toshimitsu Motegi អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុនថាកញ្ចប់ ថវិកាដែលមានទំហំទឹកប្រាក់យ៉ាងហោចណាស់ ១៥ពាន់ពាន់លានយ៉េន (១០៥ពាន់លានដុល្លារ) ត្រូវការជាចាំបាច់ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងការចំណាយលើជីវភាពរស់នៅ និងការ រឹតបន្តឹងរូបិយវត្ថុដោយធនាគារកណ្តាលអាមេរិក និងអឺរ៉ុប។
ដោយសំដៅដល់កញ្ចប់ចំណាយរបស់រដ្ឋាភិបាលជប៉ុនដែលនឹងត្រូវរៀបចំឡើងនៅខែក្រោយ លោក បានមានប្រសាសន៍ថា៖ «យើងត្រូវការកញ្ចប់ថវិកាដ៏ធំមួយដែលមានលក្ខណៈទូលំទូលាយ»។
ការលើកឡើងរបស់លោកធ្វើឡើងបន្ទាប់ពីប្រធានគោលនយោបាយរបស់គណបក្ស LDP គឺលោក Koichi Hagiuda បានលើកឡើងកាលពីសប្តាហ៍មុនថា ប្រទេសជប៉ុនត្រូវការកញ្ចប់ជំរុញសេដ្ឋកិច្ច ជាង ៣០ពាន់ពាន់លានយ៉េន ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនដែលបានមើល ឃើញថា អត្រាគាំទ្ររបស់សាធារណៈ ចំពោះគណៈរដ្ឋមន្ត្រីរបស់លោកធ្លាក់ចុះក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ កំពុងស្ថិតនៅក្រោម សម្ពាធពីក្រុមរដ្ឋាភិបាលចម្រុះរបស់លោក ដោយពួកគេជំរុញ ឱ្យមានការដាក់ចេញវិធានការថ្មីៗ ដើម្បីបង្កើនកម្រិតប្រជាប្រិយភាពរបស់លោក និងជំរុញសេដ្ឋកិច្ច ដ៏ផុយស្រួយរបស់ជប៉ុន។ ៕
































