ឯកឧត្តម ស៊ុន ចាន់ថុល អោយដឹងថា វត្តមានផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា ជាចំណែកនៃ ទំនាក់ទំនង ល្អរវាងកម្ពុជា-ចិន មិនមែនក្រោមហេតុផលនៃការ រកស៊ីទាំងស្រុងនោះឡើយ


ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា វត្តមានផ្លូវល្បឿនលឿនជាលើក ដំបូងនៅកម្ពុជា «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» គឺជាផ្លែផ្កាមួយនៃទំនាក់ទំនងល្អរវាងកម្ពុជា និងចិន មិនមែនព្រោះតែហេតុផលនៃការរកស៊ី ដើម្បីផលចំណេញតែមួយមុខនោះឡើយ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែងជិត ២០០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់រហូតដល់ ទៅជាង ២ពាន់លានដុល្លារអាមេរិក។ ផ្លូវនេះជាការដាក់ទុនវិនិយោគដ៏ធំមួយរបស់ក្រុមហ៊ុនចិន ហើយត្រូវប្រើពេលយ៉ាងយូរ ដើម្បីទទួលបានទុនរបស់ខ្លួនត្រឡប់ទៅវិញ។

ក្នុងដំណើរចុះពិនិត្យចុងក្រោយនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចឧបសគ្គ និងភាពស្មុគ ស្មាញជាច្រើន ក្នុងដំណាក់កាលសិក្សាសាងសង់ផ្លូវល្បឿនលឿននេះឡើង។ ជាពិសេសបញ្ហាថវិកា ដែលត្រូវយកមកសាងសង់ផ្លូវមួយខ្សែនេះឡើង។

បើតាម ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទំហំទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុន វិនិយោគរបស់ចិន មិនមានកញ្ចប់ថវិកាទាំងដុលនោះឡើយ។ ក្នុងនោះក្រុមហ៊ុនមានត្រឹមប្រមាណ ៣០ភាគរយ ស្មើនឹង ៦០០លានដុល្លារអាមេរិក ហើយត្រូវទៅខ្ចីទុនពីធនាគារប្រមាណ ៧០ភាគ រយ។ ការខ្ចីនេះមានការប្រាក់ខ្ពស់ ហើយបង់ចង់បានទាបតម្រូវឱ្យមានការធានាពីរាជរដ្ឋាភិបាល កម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា ប៉ុន្តែដោយសារកម្ពុជា មិនមានគោល នយោបាយធានាការវិនិយោគរបស់វិស័យឯកជន ដូច្នេះកម្ពុជាមិនអាចធានាបាននោះឡើយ។ ដើម្បីដោះស្រាយបញ្ហាការប្រាក់ខ្ពស់នេះ រដ្ឋាភិបាលចិន ក៏បានផ្តល់ជំនួយឥតសំណងមករាជរដ្ឋាភិ បាលកម្ពុជា ១៥០លានដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាលកម្ពុជា យកប្រាក់ជំនួយទាំងអស់នេះទៅ ឱ្យក្រុមហ៊ុនជួយកាត់បន្ថយពិដានការប្រាក់ឱ្យនៅទាប។

សម្រាប់លោកទេសរដ្ឋមន្ត្រី ដំណោះស្រាយខាងលើនេះ គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ជួយឱ្យកម្ពុជាអាចសាងសង់ផ្លូវល្បឿនលឿន ដែលសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ប៉ូល សេដ្ឋកិច្ចភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងផែទឹកជ្រៅ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «ដោយសារមានទំនាក់ទំនងល្អរវាងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំចិន រដ្ឋាភិបាលចិន ជួយជំរុញក្រុមហ៊ុនឱ្យមកដាក់ទុននៅ កម្ពុជាយើង»

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីដែលទទួលបានចាប់អារម្មណ៍ខ្ពស់ចំពោះភាពរស់រវើកលើការងារ បម្រើជាតិរូបនេះ បានលើកឡើងទៀតថា ការវិនិយោគដែលប្រើទុនធំ ហើយប្រមូលយកទុនវិញ រយៈពេលយូរដូចការសាងសង់ផ្លូវល្បឿនលឿន គឺពិបាកក្នុងការរកក្រុមហ៊ុនវិនិយោគ។ បើសិនមិនមានកិច្ចសហប្រតិបត្តិការ ឬការយោគយល់ល្អណាមួយទេនោះ គឺមិនងាយរកក្រុមហ៊ុន មកវិនិយោគនោះឡើយ។

«បើមិត្តចិន មិនមែនជាមិត្តដែកថែប ក៏គេមិនជួយយើងដែរ។ មិនងាយរកក្រុមហ៊ុនវិនិយោគដាក់ទុនរាប់ពាន់លានដុល្លារ ដាក់លុយដុំ មកយកលុយរាយបន្តិច ម្តងៗទេ។ នេះដោយសារទំនាក់ទំនងល្អ»។ នេះជាការគូសរបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕