ប្រជាជនបង់ក្លាដែសប្រហែល ១៤០លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ក្រោយដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស


 (បង់ក្លាដែស)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថាក្រុមហ៊ុនថាមពលរបស់រដ្ឋាភិបាលបាននិយាយថា ប្រជាជនប្រហែល ១៤០លាននាក់ នៅក្នុងប្រទេសបង់ក្លាដែសគ្មានអគ្គិសនីប្រើប្រាស់ កាលពីរសៀលថ្ងៃអង្គារ ដោយ សារតែការដាច់ចរន្តអគ្គិសនី ដែលបណ្តាលមកពីការដាច់បណ្តាញអគ្គិសនី។

អ្នកនាំពាក្យគណៈកម្មាធិការអភិវឌ្ឍន៍អគ្គិសនី លោក Shamim Ahsan បានប្រាប់ AFP ថា បណ្តាញអគ្គិសនីបានដាច់នៅម៉ោងប្រហែល ២រសៀល ដោយបានធ្វើឲ្យប្រជាជនទូទាំងប្រទេស គ្មានអគ្គិសនីប្រើប្រាស់ លើកលែងតែផ្នែកខ្លះនៃភាគពាយ័ព្យប្រទេសប៉ុណ្ណោះ។

លោក Zunaid Ahmed Palak រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ បាននិយាយនៅ លើទំព័រ Facebook របស់លោកថា អគ្គិសនីនឹងត្រូវបានស្ដារឡើងវិញ ដល់គ្រប់តំបន់ទាំងអស់ក្នុង រដ្ឋធានី Dhaka ប្រទេសបង់ក្លាដែសនៅម៉ោង ៨យប់៕