(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ឹងវិន បាននិយាយថាតៃវ៉ាន់ នឹងមិនពឹងផ្អែកលើប្រទេសដទៃ ដើម្បីការពារខ្លួនឯងនោះទេ ខណៈស្វាគមន៍ការប្ដេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក ចំពោះសន្តិសុខតៃវ៉ាន់ នៅក្នុងបរិបទដែលលោកស្រីផ្ទាល់ចាត់ទុកថាចិនកំពុង ទន្ទ្រានលើ អធិបតេយ្យភាពនៃដែនកោះមួយនេះ។
ការកត់សម្គាល់ខាងលើរបស់លោកស្រី សៃ ធ្វើឡើងនៅក្នុងវីដេអូថតទុកមួយផ្ញើទៅកាន់វេទិកាមួយ ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ រៀបចំឡើយដោយវិទ្យាស្ថាន Global Taiwan Institute និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងជាថ្មីកាលពីខែកញ្ញា កន្លងទៅថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារណាមួយ ពីចិន។ថ្លែងនាឱកាសនោះ លោកស្រី សៃ បានអរគុណយ៉ាងខ្លាំងដល់រដ្ឋបាលលោក ចូ បៃដិន និងសភាទាំង២ របស់សហរដ្ឋអាមេរិកដែលបានរក្សា ការប្ដេជ្ញាចិត្តចំពោះសន្តិសុខតៃវ៉ាន់។ ក៏ប៉ុន្តែ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនពឹងផ្អែកលើប្រទេសដទៃ ឱ្យចូលមកជួយការពារ ពួកយើងឡើយ…ហើយនេះគឺជាអ្វីខ្ញុំចង់ប្រាប់ឡើងវិញថាតៃវ៉ាន់មានការប្ដេជ្ញាចិត្តយ៉ាងលេញ ដើម្បី ការសន្តិសុខ និងប្រជាធិបតេយ្យដែលជា មាគ៌ាជីវិតរបស់ពួកយើង»។

គួរបញ្ជាក់ថា ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែខេត្តមួយរបស់ខ្លួន ត្រូវបានគេរាយការណ៍នៅតែបន្តធ្វើ សកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ ចាប់តាំងពីប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចមកកាន់ទីក្រុងតៃប៉ិ កាលពីខែសីហាមក៕































