(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលជាច្បាប់វិនិយោគថ្មី ក្នុង បំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបើកសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នាសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅជុំវិញពិភពលោក នៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិ ឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាស ធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងនោះកាលពីខែ តុលា ឆ្នាំ២០២១ កម្ពុជាបាន ដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មី ដោយមានការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ស្របនឹងការដាក់ចេញនូវច្បាប់វិនិយោគថ្មីនេះ រាជ រដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្តឯកសារគោលនយោបាយ និងយុទ្ធ សាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្តអេឡិចត្រូនិកកសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពលជាដើម។
សម្តេចតេជោ បានបន្ថែមថា នៅក្នុងក្របខណ្ឌពាណិជ្ជកម្មអន្តរជាតិ កម្ពុជាក៏បានក្លាយជាប្រទេស ហត្ថលេខីនៃ (១). កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រសកល (២). កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និង (៣). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ។

សម្តេចតេជោ ហ៊ុន សែន បានគុសបញ្ជាក់ដែរថា សម្រាប់ទិសដៅទៅពេលខាងមុខ ក្នុងបរិការណ៍ ដែលពោរពេញទៅដោយភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាខ្ពស់ រាជរដ្ឋាភិបាលនឹងផ្តល់ អាទិភាពដល់ការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុង «ក្របខណ្ឌយុទ្ធសាស្តនិង កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» ផងដែរ៕































